នៅសម័យវិបត្តិសេដ្ឋកិច្ច ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ នៅអាមេរិក អ្នកស្រីដូរ៉ូធា លេង(Dorothea Lange) ដែលជាជាងថតរូបដ៏ល្បីល្បាញ បានថតរូបអ្នកស្រីផ្លូរិន អូវិន ថមសិន(Florence Owens Thompson) ជាមួយកូនៗរបស់គាត់។ រូបថតមួយសន្លឹកនេះក៏បានមានភាពល្បីល្បាញ ហើយគេបានដាក់ចំណងជើងឲ្យថា ម្តាយអន្តោប្រវេសន៍ ។ រូបថតនេះ គឺជារូបភាពរបស់ស្រ្តីជាម្តាយម្នាក់ ដែលស្ថិតក្នុងភាពអស់សង្ឃឹម បន្ទាប់ពីការប្រមូលផលសណ្តែកខៀវបានទទួលបរាជ័យ។ អ្នកស្រីលេងក៏បានយករូបថតនោះ ទៅទីក្រុងនីប៉ូម៉ូ រដ្ឋកាលីហ្វូញ៉ា ខណៈពេលដែលគាត់កំពុងតែធ្វើការ ឲ្យរដ្ឋបាលសុវត្ថិភាពកសិដ្ឋាន ដោយសង្ឃឹមថា គេនឹងមានការយល់ដឹង អំពីតម្រូវការរបស់កសិករដែលធ្វើស្រែចម្កាតាមរដូវ ដែលកំពុងតែស្ថិតក្នុងភាពទាល់ច្រក។
កណ្ឌគម្ពីរបរិទេវបានឆ្លុះបញ្ចាំង អំពីភាពអស់សង្ឃឹមមួយបែបទៀត ដែលនគរយូដាបានជួបប្រទះ បន្ទាប់ពីទីក្រុងយេរូសាឡិមត្រូវបានគេបំផ្លិចបំផ្លាញ។ មុនពេលកងទ័ពរបស់ស្តេចនេប៊ូក្នេសាសម្រុកចូល ហើយបំផ្លិចបំផ្លាញទីក្រុងនេះ ប្រជាជនក្នុងទីក្រុងនេះបានជួបភាពអត់ឃ្លានរួចជាស្រេចហើយ ដោយសារការឡោមព័ទ្ធរបស់សត្រូវ(២ពង្សាតាក្សត្រ ២៤:១០-១១)។ ពួកគេបានជួបទុក្ខវេទនានេះ គឺដោយសារតែការមិនស្តាប់បង្គាប់ព្រះអស់ជាច្រើនឆ្នាំមកហើយ តែលោកយេរេមា ដែលជាអ្នកនិពន្ធកណ្ឌគម្ពីរបរិទេវបានស្រែកអំពាវនាវដល់ព្រះជាម្ចាស់ ជំនួសពួកគេ(បរិទេវ ២:១១-១២)។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១០៧ ក៏បានពិពណ៌នា អំពីគ្រាអាសន្នអន្ធក្រ ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែលផងដែរ(គឺក្នុងអំឡុងពេលដែលពួកអ៊ីស្រាអែលរស់នៅវិលវល់ ក្នុងវាលរហោស្ថាន, ខ.៤៥) ប៉ុន្តែ គាត់បានងាកមកផ្តោតទៅលើដំណោះស្រាយជាជំហានៗ សម្រាប់ពេលដ៏ពិបាកនោះ ដែលក្នុងនោះ ពួកគេ “បានស្រែកអំពាវនាវដល់ព្រះអម្ចាស់ ក្នុងពេលមានទុក្ខ”(ខ.៦)។ ហើយពួកគេក៏បានទទួលលទ្ធផលដ៏អស្ចារ្យ ដោយព្រះអង្គរំដោះពួកគេ ឲ្យរួចពីទុក្ខលំបាកនោះ។
ពេលដែលយើងជួបភាពអស់សង្ឃឹម ចូរយើងកុំនៅស្ងៀមឡើយ។ ចូរស្រែកអំពាវដល់ព្រះជាម្ចាស់។ ព្រះអង្គស្តាប់ឮយើង ហើយរង់ចាំស្អាងយើង ឲ្យមានក្តីសង្ឃឹមឡើងវិញ។ ជាញឹកញាប់ ព្រះអង្គអនុញ្ញាតឲ្យយើងឆ្លងកាត់ការលំបាក ដោយមិនរំដោះយើងចេញភ្លាមៗ តែព្រះអង្គបានសន្យាថា នឹងគង់នៅជាមួយយើងជានិច្ច។—Linda Washington