នៅ​សម័យ​វិបត្តិ​សេដ្ឋ​កិច្ច ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ នៅ​អាមេរិក អ្នក​ស្រី​ដូរ៉ូធា លេង(Dorothea Lange) ដែល​ជាជាង​ថត​រូប​ដ៏​ល្បី​ល្បាញ បាន​ថត​រូប​អ្នក​ស្រី​ផ្លូរិន អូវិន ថមសិន(Florence Owens Thompson) ជា​មួយ​កូន​ៗរបស់​គាត់។ រូប​ថត​មួយ​សន្លឹក​នេះ​ក៏​បាន​មាន​ភាព​ល្បី​ល្បាញ ហើយ​គេ​បាន​ដាក់​ចំណង​ជើង​ឲ្យ​ថា ម្តាយ​អន្តោ​ប្រវេសន៍ ។ រូប​ថត​នេះ គឺ​ជា​រូប​ភាព​របស់​ស្រ្តី​ជា​ម្តាយ​ម្នាក់ ដែល​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម បន្ទាប់​ពី​ការ​ប្រមូល​ផល​សណ្តែក​ខៀវ​បាន​ទទួល​បរាជ័យ។ អ្នក​ស្រី​លេង​ក៏​បាន​យក​រូប​ថត​នោះ ទៅ​ទីក្រុង​នីប៉ូម៉ូ រដ្ឋ​កាលីហ្វូញ៉ា ខណៈ​ពេលដែល​គាត់​កំពុង​តែ​ធ្វើ​ការ ​ឲ្យ​រដ្ឋ​បាល​សុវត្ថិ​ភាព​កសិដ្ឋាន ដោយ​សង្ឃឹម​ថា គេ​នឹង​មាន​ការ​យល់​ដឹង អំពី​តម្រូវ​ការរបស់​កសិករ​ដែល​ធ្វើ​ស្រែ​ចម្កា​តាម​រដូវ ដែល​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ទាល់​ច្រក។

កណ្ឌ​គម្ពីរ​បរិទេវ​បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​អស់​សង្ឃឹម​មួយ​បែប​ទៀត ដែល​នគរ​យូដា​បាន​ជួប​ប្រទះ បន្ទាប់​ពី​ទី​ក្រុងយេរូសាឡិម​ត្រូវ​បាន​គេ​បំផ្លិច​បំផ្លាញ។ មុន​ពេល​កង​ទ័ព​របស់​ស្តេច​នេប៊ូក្នេសា​សម្រុក​ចូល​ ហើយ​បំផ្លិច​បំផ្លាញ​ទី​ក្រុង​នេះ ប្រជាជន​ក្នុង​ទីក្រុង​នេះ​បាន​ជួប​ភាព​អត់​ឃ្លាន​រួច​ជា​ស្រេច​ហើយ ដោយ​សារ​ការ​ឡោម​ព័ទ្ធ​របស់​សត្រូវ​(២ពង្សាតាក្សត្រ ២៤:១០-១១)។ ពួក​គេ​បាន​ជួប​ទុក្ខ​វេទនា​នេះ គឺ​ដោយ​សារ​តែ​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​អស់​ជា​ច្រើន​ឆ្នាំមក​ហើយ តែ​លោក​យេរេមា ដែល​ជាអ្នក​និពន្ធ​កណ្ឌ​គម្ពីរ​បរិទេវ​បាន​ស្រែក​អំពាវ​នាវ​ដល់​ព្រះ​ជា​ម្ចាស់ ជំនួស​ពួក​គេ​(បរិទេវ ២:១១-១២)។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ ក៏​បាន​ពិពណ៌នា អំពី​គ្រា​អាសន្ន​អន្ធ​ក្រ ក្នុង​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល​ផងដែរ​(គឺ​ក្នុង​អំឡុង​ពេល​ដែល​ពួក​អ៊ីស្រាអែល​រស់​នៅ​វិល​វល់ ក្នុង​វាល​រហោស្ថាន, ខ.៤៥) ប៉ុន្តែ គាត់​បាន​ងាក​មក​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ​ជា​ជំហាន​ៗ សម្រាប់​ពេល​ដ៏​ពិបាក​នោះ ដែល​ក្នុង​នោះ ពួក​គេ “បាន​ស្រែក​អំពាវ​នាវ​ដល់ព្រះ​អម្ចាស់ ក្នុង​ពេល​មាន​ទុក្ខ”(ខ.៦)។ ហើយ​ពួក​គេ​ក៏​បាន​ទទួល​លទ្ធ​ផល​ដ៏​អស្ចារ្យ ដោយ​ព្រះ​អង្គ​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នោះ។

ពេល​ដែល​យើង​ជួប​ភាព​អស់​សង្ឃឹម ចូរ​យើង​កុំ​នៅ​ស្ងៀម​ឡើយ។ ចូរ​ស្រែក​អំពាវ​ដល់​ព្រះ​ជាម្ចាស់។ ព្រះ​អង្គ​ស្តាប់ឮ​យើង ហើយ​រង់​ចាំ​ស្អាង​យើង ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ។ ​ ជា​ញឹក​ញាប់ ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​យើង​ឆ្លង​កាត់​ការ​លំបាក ដោយ​មិន​រំដោះ​យើង​ចេញ​ភ្លាម​ៗ តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។—Linda Washington