មាន​ពេល​មួយ ក្មេង​ប្រុស​តូច​ម្នាក់​បាន​បើក​ប្រអប់​អំណោយ​ធំ​មួយ ដែល​ឪពុក​របស់​គាត់​​ជា​ទាហាន បាន​ផ្ញើ​មក​។ គាត់​គិត​ថា ឪពុក​របស់​គាត់​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ធ្វើ​បុណ្យ​ខួប​កំណើត​ឲ្យ​គាត់​ទេ។ ក្នុង​ប្រអប់​នោះ ​មាន​ប្រអប់​អំណោយ​មួយ​ទៀត ហើយ​ក្នុង​ប្រអប់​នោះ ក៏​មាន​ប្រអប់​មួយ​ទៀត ដែល​នៅ​ខាង​ក្នុង មាន​ក្រដាស់​មួយ​សន្លឹក មាន​អក្សរ​សរសេរ​ពី​លើ​ថា “ភ្ញាក់​ផ្អើល​ទេ!” ក្មេង​នោះ​ក៏​មាន​ការ​ភាន់​ភាំង ហើយ​ក៏​បាន​ងើយ​ក្បាល​ឡើង ឃើញ​ឪពុក​របស់​គាត់ ដើរ​ចូល​មក​ក្នុង​បន្ទប់។ កូន​ប្រុស​ម្នាក់​នេះ ក៏​បាន​លោត​ឡើង ចូល​ទៅ​ក្នុង​រង្វង់​ដៃ​របស់​ឪពុក​គាត់ ហើយ​និយាយ​ថា “ប៉ា កូន​នឹក​ប៉ា។ កូន​ស្រឡាញ់​ប៉ា”។

ការ​ជួប​ជុំ​គ្រួសារ​នោះ មាន​ការ​សម្រក់​ទឹក​ភ្នែក ដោយ​អំណរ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ខ្លឹមសារ​នៃ​ការ​ពិពណ៌​នា ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក​២១ អំពី​ពេល​ដ៏​រុង​រឿង ដែល​ក្នុង​នោះ កូន​ៗ​របស់​ព្រះ​បាន​ឃើញ​ព្រះ​អង្គ​មុខ​ទល់​នឹង​មុខ គឺ​បាន​ឃើញ​ព្រះ​វរបិតា​ដែល​ស្រឡាញ់​ពួក​គេ នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​ដែល​ព្រះ​អង្គ​បាន​ស្អាង ឲ្យ​ថ្មី​ឡើង​វិញ​យ៉ាង​ពេញ​លេញ។ នៅ​ទី​នោះ ព្រះ​ជា​ម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ពួក​គេ​ចេញ។ យើង​នឹង​មិន​មាន​ការ​ឈឺ​ចាប់ ឬ​ទុក្ខ​ព្រួយ​ទៀត​​ឡើយ ព្រោះ​យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌។ បទ​គម្ពីរ​វិវរណៈ​ជំពូក​២១ បាន​ចែង​ថា​ ​“មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថានសួគ៌​មក​ថា មើល​រោង​ឧបោសថរបស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ” (ខ.៣-៤) ។

អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អាច​ស្គាល់​សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​ដ៏​ប្រសើរ ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់ ក្នុង​ការ​រស់​នៅ​លើ​ផែនដី។ គឺ​ដូច​ដែល​បទ​គម្ពីរ ១ពេត្រុស ១:៨ បាន​ពិពណ៌នា​ថា “ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន”។ ចូរ​យើង​ស្រមៃ​ថា តើ​យើង​នឹង​មានក្តី​អំណរ​ហូរ​ហៀរ និង​អស្ចារ្យ​ប៉ុណ្ណា ពេល​ដែល​យើង​បាន​ជួប​ព្រះ​មួយ​អង្គ ដែល​យើង​បាន​ស្រឡាញ់ និង​ស្រែក​រក ដោយ​ព្រះ​អង្គ​ទទួល​ស្វាគមន៍​យើង​ចូល​ទៅ​ក្នុង​រង្វង់​ព្រះ​ហស្ត​របស់​ព្រះ​អង្គ!—Alyson Kieda