មានពេលមួយ ក្មេងប្រុសតូចម្នាក់បានបើកប្រអប់អំណោយធំមួយ ដែលឪពុករបស់គាត់ជាទាហាន បានផ្ញើមក។ គាត់គិតថា ឪពុករបស់គាត់មិនបានត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យខួបកំណើតឲ្យគាត់ទេ។ ក្នុងប្រអប់នោះ មានប្រអប់អំណោយមួយទៀត ហើយក្នុងប្រអប់នោះ ក៏មានប្រអប់មួយទៀត ដែលនៅខាងក្នុង មានក្រដាស់មួយសន្លឹក មានអក្សរសរសេរពីលើថា “ភ្ញាក់ផ្អើលទេ!” ក្មេងនោះក៏មានការភាន់ភាំង ហើយក៏បានងើយក្បាលឡើង ឃើញឪពុករបស់គាត់ ដើរចូលមកក្នុងបន្ទប់។ កូនប្រុសម្នាក់នេះ ក៏បានលោតឡើង ចូលទៅក្នុងរង្វង់ដៃរបស់ឪពុកគាត់ ហើយនិយាយថា “ប៉ា កូននឹកប៉ា។ កូនស្រឡាញ់ប៉ា”។
ការជួបជុំគ្រួសារនោះ មានការសម្រក់ទឹកភ្នែក ដោយអំណរ ហើយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីខ្លឹមសារនៃការពិពណ៌នា ក្នុងបទគម្ពីរវិវរណៈ ជំពូក២១ អំពីពេលដ៏រុងរឿង ដែលក្នុងនោះ កូនៗរបស់ព្រះបានឃើញព្រះអង្គមុខទល់នឹងមុខ គឺបានឃើញព្រះវរបិតាដែលស្រឡាញ់ពួកគេ នៅក្នុងស្នាព្រះហស្តដែលព្រះអង្គបានស្អាង ឲ្យថ្មីឡើងវិញយ៉ាងពេញលេញ។ នៅទីនោះ ព្រះជាម្ចាស់នឹងជូតទឹកភ្នែកពួកគេចេញ។ យើងនឹងមិនមានការឈឺចាប់ ឬទុក្ខព្រួយទៀតឡើយ ព្រោះយើងនឹងបានទៅនៅជាមួយព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ បទគម្ពីរវិវរណៈជំពូក២១ បានចែងថា “មានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ” (ខ.៣-៤) ។
អ្នកដើរតាមព្រះយេស៊ូវ អាចស្គាល់សេចក្តីស្រឡាញ់ និងក្តីអំណរដ៏ប្រសើរ ជាមួយនឹងព្រះជាម្ចាស់ ក្នុងការរស់នៅលើផែនដី។ គឺដូចដែលបទគម្ពីរ ១ពេត្រុស ១:៨ បានពិពណ៌នាថា “ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន”។ ចូរយើងស្រមៃថា តើយើងនឹងមានក្តីអំណរហូរហៀរ និងអស្ចារ្យប៉ុណ្ណា ពេលដែលយើងបានជួបព្រះមួយអង្គ ដែលយើងបានស្រឡាញ់ និងស្រែករក ដោយព្រះអង្គទទួលស្វាគមន៍យើងចូលទៅក្នុងរង្វង់ព្រះហស្តរបស់ព្រះអង្គ!—Alyson Kieda