កាល​ពី​ឆ្នាំ​២០១៨ អ្នក​ស្រី​លីហ្ស សេហ្វឺត(Liz Shepherd) ដែល​ជា​ជាង​ចម្លាក់ បាន​បើក​ការ​តាំង​ពិពណ៌​មួយ ក្រោម​ចំណង​ជើង​ថា ការ​រង់​ចាំ ។ អ្នក​នាំ​ពាក្យ​របស់​សារ​ពត៌​មាន​បូស្តុន ក្លូប បាន​ពិពណ៌នា​ថា ការ​តាំង​ពិពណ៌​នេះបាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​សេចក្តី​អ្វី​ដែល​មាន​តម្លៃ ដែល​បាន​បង្ហាញ​ចេញ​មក និង​លើស​ពី​ធម្មតា។ អ្នក​ស្រី​សេហ្វឺត បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​ធ្វើ​ការ​តាំង​ពិពណ៌​នេះ នៅ​ពេល​ដែល​គាត់​កំពុង​តែ​ចំណាយ​ពេល​ជា​មួយ​ឪពុក​របស់​គាត់​ដែល​ជិត​ផុត​ដង្ហើម។ ដូច​នេះ ការ​តាំង​ពិពណ៌​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​បំណង​ដើម្បី​ឆ្លុះ​បញ្ចាំង អំពី​ការ​សោក​ស្តាយ និង​ការ​បាត់​បង់ ក៏​ដូច​ជា​ចិត្ត​ដែល​ប្រេះ​ស្រាំ ដោយសារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ឃ្លាត​ចេញ​ទៅ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​យល់​ឃើញ​ថា សេចក្តី​ស្លាប់​ជា​សេចក្តី​ដែល​មាន​តម្លៃ​ដ៏​វិសេស គឺ​ហាក់​ដូច​ជា​ផ្ទុយ​នឹង​សុភាវគតិ​របស់​មនុស្ស​ដែល​ចូល​ចិត្ត​គិត​ផ្ទុយ​ពី​នេះ ប៉ុន្តែ បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ប្រកាស់​ថា “ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះយេហូវ៉ា​ជា​ការ​វិសេស​ដល់​ព្រះនេត្រ​ទ្រង់”(ទំនុកដំកើង ១១៦:១៥)។ ព្រះ​ជា​ម្ចាស់​ចាត់​ទុក សេចក្តី​ស្លាប់​របស់​រាស្រ្ត​ទ្រង់ ជា​សេចក្តី​ដែល​មាន​តម្លៃ​ដ៏​វិសេស ព្រោះវា​ជា​ពេល​ដែល​ព្រះ​អង្គ​ស្វាគមន៍​ពួក​គេ​ចូល​ផ្ទះ ដែល​ព្រះ​អង្គ​បាន​រៀប​ចំ​សម្រាប់​ពួក​គេ នៅ​នគរ​ស្ថាន​សួគ៌។

តើ​ពួក​អ្នក​បរិសុទ្ធ ឬ​ពួក​ស្មោះ​ត្រង់​នោះ ជា​នរណា? យោង​តាម​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ពួក​គេ​គឺ​ជា​អ្នក​ដែល​បម្រើព្រះ​ជា​ម្ចាស់ ដោយ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ​អង្គ សម្រាប់​ការ​រំដោះ​របស់​ព្រះ​អង្គ និង​ជា​អ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អង្គ ហើយ​គោរព​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​និយាយ នៅ​ចំពោះ​ព្រះ​អង្គ​(ទំនុកដំកើង ១១៦:១៦-១៨)។ ការ​ប្រព្រឹត្ត​ដូច​នេះ គឺ​បាន​បង្ហាញ​ថា ពួក​គេ​បាន​សម្រេច​ចិត្ត​ដើរ​ជា​មួយ​ព្រះ ទទួល​យក​សេរីភាព​ដែល​ព្រះ​អង្គ​ប្រទាន ​និង​ប្រកប​ស្និទ្ធស្នាល​ជា​មួយ​ព្រះ​អង្គ។

កាល​ណា​យើង​បាន​អនុវត្ត​ដូច​នេះ​ហើយ គឺ​មាន​ន័យ​ថា យើង​បាន​រួម​ដំណើរ​ជា​មួយ​ព្រះ​យេស៊ូវ ដែល “ព្រះ​បាន​ជ្រើសរើស ហើយ​រាប់​ជា​វិសេស​វិញ … ពី​ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​គម្ពីរ​ថា «មើល​អ្នក​ដាក់​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើសរើស ហើយ​វិសេសវិសាល អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»”(១ពេត្រុស ២:៤-៦)។ កាល​ណា​យើង​មាន​ជំនឿ​លើ​ព្រះ​ហើយ ការ​ស្លាប់​របស់​យើង គឺ​មាន​តម្លៃ​ដ៏​វិសេស នៅ​ចំពោះ​ព្រះ​អង្គ។—Remi Oyedele