កាលពីឆ្នាំ២០១៨ អ្នកស្រីលីហ្ស សេហ្វឺត(Liz Shepherd) ដែលជាជាងចម្លាក់ បានបើកការតាំងពិពណ៌មួយ ក្រោមចំណងជើងថា ការរង់ចាំ ។ អ្នកនាំពាក្យរបស់សារពត៌មានបូស្តុន ក្លូប បានពិពណ៌នាថា ការតាំងពិពណ៌នេះបានធ្វើឲ្យយើងនឹកចាំ អំពីសេចក្តីអ្វីដែលមានតម្លៃ ដែលបានបង្ហាញចេញមក និងលើសពីធម្មតា។ អ្នកស្រីសេហ្វឺត បានទទួលការបណ្តាលចិត្ត ឲ្យធ្វើការតាំងពិពណ៌នេះ នៅពេលដែលគាត់កំពុងតែចំណាយពេលជាមួយឪពុករបស់គាត់ដែលជិតផុតដង្ហើម។ ដូចនេះ ការតាំងពិពណ៌នេះ ត្រូវបានធ្វើឡើង ក្នុងបំណងដើម្បីឆ្លុះបញ្ចាំង អំពីការសោកស្តាយ និងការបាត់បង់ ក៏ដូចជាចិត្តដែលប្រេះស្រាំ ដោយសារមនុស្សជាទីស្រឡាញ់បានឃ្លាតចេញទៅ។
ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញថា សេចក្តីស្លាប់ជាសេចក្តីដែលមានតម្លៃដ៏វិសេស គឺហាក់ដូចជាផ្ទុយនឹងសុភាវគតិរបស់មនុស្សដែលចូលចិត្តគិតផ្ទុយពីនេះ ប៉ុន្តែ បទគម្ពីរទំនុកដំកើងបានប្រកាស់ថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ាជាការវិសេសដល់ព្រះនេត្រទ្រង់”(ទំនុកដំកើង ១១៦:១៥)។ ព្រះជាម្ចាស់ចាត់ទុក សេចក្តីស្លាប់របស់រាស្រ្តទ្រង់ ជាសេចក្តីដែលមានតម្លៃដ៏វិសេស ព្រោះវាជាពេលដែលព្រះអង្គស្វាគមន៍ពួកគេចូលផ្ទះ ដែលព្រះអង្គបានរៀបចំសម្រាប់ពួកគេ នៅនគរស្ថានសួគ៌។
តើពួកអ្នកបរិសុទ្ធ ឬពួកស្មោះត្រង់នោះ ជានរណា? យោងតាមបទគម្ពីរទំនុកដំកើងនេះ ពួកគេគឺជាអ្នកដែលបម្រើព្រះជាម្ចាស់ ដោយចិត្តដែលដឹងគុណព្រះអង្គ សម្រាប់ការរំដោះរបស់ព្រះអង្គ និងជាអ្នកដែលអំពាវនាវដល់ព្រះនាមព្រះអង្គ ហើយគោរពពាក្យសម្តីដែលខ្លួនបាននិយាយ នៅចំពោះព្រះអង្គ(ទំនុកដំកើង ១១៦:១៦-១៨)។ ការប្រព្រឹត្តដូចនេះ គឺបានបង្ហាញថា ពួកគេបានសម្រេចចិត្តដើរជាមួយព្រះ ទទួលយកសេរីភាពដែលព្រះអង្គប្រទាន និងប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។
កាលណាយើងបានអនុវត្តដូចនេះហើយ គឺមានន័យថា យើងបានរួមដំណើរជាមួយព្រះយេស៊ូវ ដែល “ព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ … ពីព្រោះមានសេចក្តីចែងទុកមកក្នុងគម្ពីរថា «មើលអ្នកដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»”(១ពេត្រុស ២:៤-៦)។ កាលណាយើងមានជំនឿលើព្រះហើយ ការស្លាប់របស់យើង គឺមានតម្លៃដ៏វិសេស នៅចំពោះព្រះអង្គ។—Remi Oyedele