នៅឆ្នាំមួយនោះ កាលខ្ញុំកំពុងរៀននៅមហាវិទ្យាល័យ ខ្ញុំបានទៅកាប់ឈើ ចង់ជាបាច់ ហើយដាក់លក់ និងដឹកឲ្យគេដល់កន្លែង។ វាជាការងារដ៏ពិបាក ហេតុនេះហើយបានជាខ្ញុំអាណឹតអ្នកកាប់ឈើដ៏កំសត់ ក្នុងរឿង ដែលមានចែង ក្នុងបទគម្ពីរ ២ពង្សាវតាក្សត្រ ជំពូក៦។
ក្នុងរឿងនេះ ថ្នាក់បណ្តុះបណ្តាល ដែលលោកអេលីសេបង្កើតសម្រាប់ពួកហោរា មានការរីកចម្រើនកាន់តែខ្លាំង ហើយកន្លែងជួបជុំរបស់ពួកគេក៏កាន់តែចង្អៀត។ ពួកគេម្នាក់ក៏បានឲ្យយោបលថា ពួកគេគួរតែចូលទៅក្នុងព្រៃកាប់ឈើ ដើម្បីពង្រីកទីកន្លែងរបស់ពួកគេ។ លោកអេលីសេក៏បានយល់ព្រម ហើយក៏បានរួមដំណើរជាមួយពួកគេ។ ពេលដែលអ្វីៗកំពុងមានដំណើរការល្អ មានពួកគេម្នាក់បានរបូតផ្លែពូថៅធ្លាក់ចូលទៅក្នុងទឹក(ខ.៥)។ លោកអេលីសេក៏បានបោះមែកឈើ១កំណាត់ ចូលទៅក្នុងទឹក ហើយផ្លែពូថៅក៏បានអណ្តែតឡើងមក។ នេះជាការអស្ចារ្យ ដែលព្រះហស្តទ្រង់បានធ្វើ ដោយធ្វើឲ្យផ្លែពូថៅអណ្តែតឡើង ដើម្បីឲ្យអ្នកនោះអាចលូកដៃចាប់ស្រង់វាពីក្នុងទឹក(ខ.៦-៧)។
ការអស្ចារ្យដ៏សាមញ្ញនេះ បានបង្រៀនយើងថា ព្រះជាម្ចាស់ក៏យកព្រះទ័យទុកដាក់ចំពោះរឿងតូចៗ ក្នុងជីវិតយើង ដែលមានដូចជា ផ្លែពូថៅដែលបានបាត់ កូនសោរដែលរកមិនឃើញ វ៉ែនតាដែលយើងវង្វេងដៃ ឬទូរស័ព្ទដែលបានជ្រុះបាត់ជាដើម ដែលសុទ្ធតែជារឿងតូចៗ ដែលអាចធ្វើឲ្យមានការព្រួយបារម្ភ។ ព្រះអង្គមិនតែងតែឲ្យយើងរកឃើញរបស់ដែលបានបាត់នោះឡើយ ប៉ុន្តែ ព្រះអង្គជ្រាបអំពីបញ្ហារបស់យើង ហើយកម្សាន្តចិត្តយើង ក្នុងពេលដែលពិបាក។
ព្រះជាម្ចាស់បានមានបន្ទូលធានា អំពីសេចក្តីសង្រ្គោះរបស់យើង ហើយព្រះអង្គក៏បានធានាផងដែរថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើងជានិច្ច។ បើសិនជាគ្មានការធានានោះទេ យើងនឹងមានអារម្មណ៍ឯកោ ក្នុងលោកិយនេះ ដោយមានការព្រួយបារម្ភជាច្រើន។ វាជាការល្អ ដែលយើងដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង និងក៏អាណឹតយើង ពេលយើងមានការបាត់បង់ ទោះតិចតួច ឬច្រើនក្តី។ ក្តីកង្វល់របស់យើង គឺជាក្តីកង្វល់របស់ព្រះអង្គ។—David H. Roper