ទស្សនិកជនទំាងឡាយ បានស្តាប់សម្លេងដ៏ពិរោះរបស់អ្នកស្រី អេមីលី ប្លាន់(Emily Blunt) ដែលជាតួឯក ក្នុងរឿង ដែលមានចំណងជើងថា ការវិលត្រឡប់របស់អ្នកស្រីម៉ារី ផុបភីន(Mary Poppins)។ ស្វាមីគាត់ទើបតែដឹងថា គាត់មានសម្លេងល្អយ៉ាងនេះ បន្ទាប់ពីបានរៀបការរយៈពេល៤ឆ្នាំ។ គាត់បាននិយាយនៅក្នុងការសម្ភាសថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឮអ្នកស្រីម៉ារីច្រៀងជាលើកដំបូង បានជាគាត់គិតថា តើដល់ពេលណាទើបភរិយាគាត់ព្រមប្រាប់គាត់ថា ខ្លួនចេះច្រៀង?
ជាញឹកញាប់ ក្នុងទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ យើងច្រើនតែមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ពួកគេមានអ្វីមួយ ដែលយើងមិននឹកស្មានដល់។ ក្នុងព្រះគម្ពីរដំណឹងល្អម៉ាកុស ពីដំបូងពួកសាវ័កមិនទាន់ស្គាល់ព្រះយេស៊ូវច្បាស់ទេ ហើយក៏មានការពិបាកនៅក្នុងយល់ឲ្យច្បាស់ អំពីអត្តសញ្ញាណរបស់ព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលពួកគេជួបព្រះយេស៊ូវ នៅលើផ្ទៃសមុទ្រកាលីឡេ ព្រះអង្គក៏បានបើកបង្ហាញអត្តសញ្ញាណរបស់ព្រះអង្គបន្ថែមទៀត ដោយបញ្ចេញព្រះចេស្តា មកលើអំណាចធម្មជាតិ។
បន្ទាប់ពីបានប្រទានអាហារដល់មនុស្សជាង៥ពាន់នាក់ហើយ ព្រះអង្គក៏បានចាត់ពួកសិស្សព្រះអង្គ ឲ្យចេញទៅសមុទ្រកាលីឡេ ដែលនៅទីនោះ ពួកគេក៏បានជួបខ្យល់ព្យុះដ៏កាចសាហាវ។ ជិតដល់ពេលទៀបភ្លឺ ពួកសាវ័កមានការភ័យខ្លាចយ៉ាងខ្លាំង ពេលដែលបានឃើញនរណាម្នាក់កំពុងតែដើរលើទឹក។ ពេលនោះពួកគេស្គាល់សម្លេងព្រះគ្រីស្ទ ពេលដែលព្រះអង្គមានបន្ទូលកម្សាន្តចិត្តថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី”(ម៉ាកុស ៦:៥០)។ បន្ទាប់មក ទ្រង់ក៏បានធ្វើឲ្យទឹកសមុទ្រដែលកំពុងតែរំជួល ប្រែជាស្ងប់វិញ។ ពេលដែលបានឃើញអំណាចចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ ពួកសាវ័កមានការភ្ញាក់ផ្អើលជាពន់ពេក(៦:៥១) ខណៈពេលដែលពួកគេកំពុងតែព្យាយាមស្វែងយល់ឲ្យច្បាស់ អំពីអំណាចចេស្តារបស់ព្រះអង្គ ដែលពួកគេបានឃើញនៅពេលនោះ។
កាលណាយើងបានពិសោធនឹងអំណាចចេស្តាដែលព្រះយេស៊ូវមាន មកលើខ្យល់ព្យុះនៃជីវិតយើង យើងនឹងមានការយល់ដឹងកាន់តែច្បាស់ថា ព្រះអង្គជានរណា។ យើងនឹងមានការភ្ញាក់ផ្អើលមិនខាន។—Lisa M. Samra