ទស្សនិក​ជន​ទំាង​ឡាយ បាន​ស្តាប់​សម្លេង​ដ៏​ពិរោះ​របស់​អ្នក​ស្រី អេមីលី ប្លាន់(Emily Blunt) ដែល​ជា​តួ​ឯក ក្នុង​រឿង ដែល​មាន​ចំណង​ជើង​ថា ការ​វិល​ត្រឡប់​របស់​អ្នក​ស្រី​ម៉ារី ផុបភីន(Mary Poppins)។ ស្វាមី​គាត់​ទើប​តែ​ដឹង​ថា គាត់​មាន​សម្លេង​ល្អ​យ៉ាង​នេះ​ បន្ទាប់​ពី​បាន​រៀប​ការ​រយៈ​ពេល​៤​ឆ្នាំ។ គាត់​បាន​និយាយ​នៅ​ក្នុង​ការ​សម្ភាស​ថា គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឮ​អ្នកស្រីម៉ារី​ច្រៀង​ជា​លើក​ដំបូង បាន​ជា​គាត់​គិត​ថា តើ​ដល់​ពេល​ណា​ទើប​ភរិយា​គាត់​ព្រម​ប្រាប់​គាត់​ថា ខ្លួន​ចេះ​ច្រៀង?

ជា​ញឹក​ញាប់ ក្នុង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់ យើង​ច្រើន​តែ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ពួក​គេ​មាន​អ្វី​មួយ ដែល​យើង​មិន​​នឹក​ស្មាន​ដល់។  ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស ពី​ដំបូង​ពួក​សាវ័ក​មិន​ទាន់ស្គាល់​ព្រះ​យេស៊ូវ​ច្បាស់​ទេ ហើយ​ក៏​មាន​ការ​ពិបាក​នៅ​ក្នុង​យល់​ឲ្យ​ច្បាស់ អំពី​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ដែល​ពួក​គេ​ជួប​ព្រះ​យេស៊ូវ នៅ​លើ​ផ្ទៃ​សមុទ្រ​កាលីឡេ ព្រះ​អង្គ​ក៏​បាន​បើក​បង្ហាញ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​បន្ថែម​ទៀត ដោយ​បញ្ចេញ​ព្រះ​ចេស្តា មក​លើ​អំណាច​ធម្ម​ជាតិ។

បន្ទាប់​ពី​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ជាង​៥​ពាន់​នាក់​ហើយ ព្រះ​អង្គ​ក៏​បាន​ចាត់​ពួក​សិស្ស​ព្រះ​អង្គ ឲ្យ​ចេញ​ទៅ​សមុទ្រ​កាលីឡេ ដែល​នៅ​ទីនោះ ពួក​គេ​ក៏​បាន​ជួប​ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ។ ជិត​ដល់​ពេល​ទៀប​ភ្លឺ ពួក​សាវ័ក​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​នរណា​ម្នាក់​កំពុង​តែ​ដើរ​លើ​ទឹក។​ ពេល​នោះ​ពួក​គេ​ស្គាល់​សម្លេង​ព្រះ​គ្រីស្ទ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​កម្សាន្ត​ចិត្ត​ថា “​ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី”(ម៉ាកុស ៦:៥០)។ បន្ទាប់​មក ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ដែល​កំពុង​តែ​រំជួល ប្រែ​ជា​ស្ងប់​វិញ។ ពេល​ដែល​បាន​ឃើញ​អំណាច​ចេស្តា​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ពួក​សាវ័ក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ពន់​ពេក​(៦:៥១) ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ព្យាយាម​ស្វែង​យល់​ឲ្យ​ច្បាស់ អំពី​អំណាច​ចេស្តា​របស់​ព្រះ​អង្គ ដែល​ពួក​គេ​បាន​ឃើញ​នៅ​ពេល​នោះ។

កាល​ណា​យើង​បាន​ពិសោធ​នឹង​អំណាច​ចេស្តា​ដែល​ព្រះ​យេស៊ូវ​មាន មក​លើ​ខ្យល់​ព្យុះ​នៃ​ជីវិត​យើង យើង​នឹង​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ថា ព្រះ​អង្គ​ជា​នរណា។ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ខាន។​​—Lisa M. Samra