កាល​ពី​មុន ម្តាយ​របស់​ខ្ញុំ​ធ្លាប់​ទទួល​ការ​ឈឺ​ចាប់ ដោយសារ​អ្នក​ជឿ​ដទៃ​ទៀត ហេតុ​នេះ​ហើយ គាត់​ក៏​ឆ្លើយ​តប​ចំពោះ​ខ្ញុំ ដោយ​កំហឹង ពេល​ដែល​បាន​ដឹង​ថា ខ្ញុំ​បាន​ថ្វាយ​ជីវិត​ដល់​ព្រះ​អង្គ។ គាត់​ក៏​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា “តើ​ពេល​នេះ កូន​នឹង​វិនិច្ឆ័យ​ម៉ាក់​ឬ? ម៉ាក់​មិន​ឲ្យ​កូន​វិនិច្ឆ័យ​ម៉ាក់​ជា​ដាច់​ខាត”។ គាត់​ក៏​បាន​បិទ​ទូរស័ព្ទ ហើយ​មិន​ព្រម​និយាយ​រក​ខ្ញុំ​ពេញ​មួយ​ឆ្នាំ។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​សោក​សៅ​ណាស់ ប៉ុន្តែ ទី​បំផុត ខ្ញុំ​ក៏​បាន​ដឹង​ថា ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជា​មួយ​ព្រះ​ជា​ម្ចាស់ សំខាន់​ជាង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​ខ្ញុំ​បាន​ឲ្យ​តម្លៃ​បំផុត។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​គាត់ រៀង​រាល់​ពេល​គាត់​បដិសេធ​មិន​ព្រម​លើក​ទូរ​ស័ព្ទ ហើយ​ក៏​បាន​សូម​ឲ្យ​ព្រះ​ជួយ​​ខ្ញុំ​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​គាត់។

ទី​បំផុត យើង​ក៏​បាន​ផ្សះផ្សា​រគ្នា។ ពីរបី​ខែ​ក្រោយ​មក គាត់​ក៏​បាន​និយាយ​ថា “កូន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ណាស់។ ម៉ាក់​គិត​ថា ម៉ាក់​ចង់​ស្តាប់​កូន​និយាយ​អំពី​ព្រះ​យេស៊ូវ ជា​បន្ថែម​ទៀត”។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ ហើយ​រស់​នៅ​ក្នុង​ជីវិត​ដែល​នៅ​សល់ ដោយ​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​ស្រឡាញ់​អ្នក​ដទៃ។​

ខ្ញុំ​ក៏​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​ដើរ​តាម​ព្រះ​អង្គ​ផង​ដែរ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពីរឿង​បុរស​អ្នក​មាន​ម្នាក់ ដែល​បាន​ស្កាត់​មក​ជួប​ព្រះ​យេស៊ូវ ដើម្បី​សួរ​ព្រះ​អង្គ ពី​របៀប​ទទួល​ជីវិត​អស់​កល្ប​ជា​មរតក ប៉ុន្តែ បុរស​នោះ​ក៏​បាន​ដើរ​ចេញ​ទៅ​វិញ ដោយ​ទុក​ព្រួយ​ ព្រោះ​គាត់​មិន​ចង់​លះ​បង់​ទ្រព្យ​សម្បត្តិ​របស់​គាត់​ឡើយ(ម៉ាកុស ១០:១៧-២២)។

ការ​លះ​បង់​អ្វី​ៗ ឬ​មនុស្ស​ដែល​យើង​គិត​ថា​យើង​អាច​ពឹង​ផ្អែក គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ(ខ.២៣-២៥)។ ប៉ុន្តែ អ្វី​ៗ​ដែល​យើង​បាន​លះ​បង់ ឬ​បាត់​បង់​ក្នុង​ពិភព​លោក​នេះ នឹង​មិន​អាច​មាន​តម្លៃ​លើស​អំណោយ​នៃ​ជីវិត​អស់​កល្ប​ក្នុង​ព្រះ​យេស៊ូវ​ឡើយ។  ព្រះ​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង ស្ម័គ្រ​ព្រះ​ទ័យ​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​សង្រ្គោះ​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។ ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង ដោយ​សន្តិ​ភាព​របស់​ព្រះ​អង្គ ហើយ​ក៏​បាន​ស្រឡាញ់​យើង ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​ស្ថិត​ស្ថេរ និង​មិន​អាច​កាត់​ថ្លៃ​បាន។—Xochitl Dixon