ធូលីដីបានធ្លាក់ចុះមក ខណៈពេលដែលខ្ញុំដើរតាមលោកលី ប៉ាវ(Li Bao) ឡើងតាមផ្លូវ ដែលគេបានចោះកាត់ចំហៀងភ្នំ នៅភូមិភាគកណ្តាលនៃប្រទេសចិន។ ខ្ញុំមិនដែលធ្លាប់ធ្វើដំណើរតាមផ្លូវនេះពីមុខមកទេ ហើយខ្ញុំមិនអាចមើលឃើញផ្លូវនៅពីមុខខ្ញុំលើសពីមួយជំហាន ឬមើលដឹងថា ជ្រោះដែលនៅខាងឆ្វេងដៃយើង ចោទប៉ុណ្ណាទេ។ ខ្ញុំក៏បានលេបទឹកមាត់ ហើយតាមពីក្រោយលោកលីយ៉ាងប្រកិត។ ខ្ញុំមិនដឹងថា យើងកំពុងតែទៅទីណា ឬវានឹងត្រូវចំណាយពេលយូរប៉ុណ្ណាទេ តែខ្ញុំបានទុកចិត្តមិត្តភក្តិខ្ញុំម្នាក់នេះ។
បទពិសោធន៍ពេលនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកថូម៉ាស ជាសាវ័កដែលហាក់ដូចជាត្រូវការការធានាជានិច្ច។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សព្រះអង្គថា ព្រះអង្គត្រូវតែយាងឡើងស្ថានសួគ៌វិញ ដើម្បីរៀបចំកន្លែងឲ្យពួកគេ ហើយពួកគេក៏បានស្គាល់ផ្លូវទៅកន្លែងដែលព្រះអង្គនឹងយាងទៅផងដែរ(យ៉ូហាន ១៤:៤)។ ពេលនោះ ថូម៉ាសក៏បានជជីកសួរ តាមហេតុផលរបស់គាត់ថា “ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន?”(ខ.៥)។
ព្រះយេស៊ូវមិនបានបំបាត់ការសង្ស័យរបស់លោកថូម៉ាស ដោយពន្យល់គាត់ អំពីកន្លែងដែលព្រះអង្គនឹងយកពួកគេទៅនោះទេ។ ព្រះអង្គគ្រាន់តែបានធានាដល់ពួកសាវ័កថា ព្រះអង្គជាផ្លូវទៅកាន់ទីកន្លែងនោះ។ ហើយការដែលព្រះអង្គមានបន្ទូលតែប៉ុណ្ណេះ គឺគ្រប់គ្រាន់ហើយ។
យើងក៏មានសំណួរ អំពីអនាគតរបស់យើងផងដែរ។ គ្មាននរណាម្នាក់ដឹងច្បាស់ថា ខ្លួននឹងជួបរឿងអ្វីខ្លះឡើយ។ ជីវិតរបស់យើងពេញទៅដោយផ្លូវដែលបត់ចុះបត់ឡើង ដែលយើងមិនអាចមើលឃើញជាមុន។ តែវាមិនអីទេ។ ការដែលយើងបានស្គាល់ព្រះយេស៊ូវ នោះគឺគ្រប់គ្រាន់ហើយ ព្រោះព្រះអង្គ “ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត”(ខ.៦)។
ព្រះយេស៊ូវជ្រាបអំពីអនាគតរបស់យើង។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យដើរតាមព្រះអង្គយ៉ាងប្រកិត។ —Mike Wittmer