ធូលី​ដី​បាន​ធ្លាក់​ចុះ​មក ខណៈ​ពេល​ដែល​ខ្ញុំ​ដើរ​តាម​លោក​លី ប៉ាវ(Li Bao) ឡើង​តាម​ផ្លូវ ដែល​គេ​បាន​ចោះ​កាត់ចំហៀង​ភ្នំ នៅ​ភូមិ​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន។ ខ្ញុំ​មិន​ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ពី​មុខ​មក​ទេ ហើយ​ខ្ញុំ​មិន​អាច​មើល​ឃើញ​ផ្លូវ​នៅ​ពី​មុខ​ខ្ញុំ​លើស​ពី​មួយ​ជំហាន ឬ​មើល​ដឹង​ថា ជ្រោះ​ដែល​នៅ​ខាង​ឆ្វេង​ដៃ​យើង ចោទ​ប៉ុណ្ណា​ទេ។ ខ្ញុំ​ក៏បាន​លេប​ទឹក​មាត់ ហើយ​តាម​ពី​ក្រោយ​លោក​លី​យ៉ាង​ប្រកិត។ ខ្ញុំ​មិន​ដឹង​ថា យើង​កំពុង​តែ​ទៅ​ទីណា ឬ​វា​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ទេ តែ​ខ្ញុំ​បាន​ទុក​ចិត្ត​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​នេះ។

បទ​ពិសោធន៍​ពេល​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​ថូម៉ាស ជា​សាវ័ក​ដែល​ហាក់​ដូច​ជា​ត្រូវ​ការ​ការ​ធានា​ជា​និច្ច។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ព្រះ​អង្គ​ថា ព្រះ​អង្គ​ត្រូវ​តែ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ដើម្បី​រៀប​ចំ​កន្លែង​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​ស្គាល់​ផ្លូវ​ទៅ​កន្លែង​ដែល​ព្រះ​អង្គ​នឹង​យាង​ទៅ​ផង​ដែរ​(យ៉ូហាន ១៤:៤)។ ពេល​នោះ ថូម៉ាស​ក៏​បាន​ជជីក​សួរ តាម​ហេតុ​ផល​របស់​គាត់​ថា “ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ជា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន?”(ខ.៥)។​

ព្រះ​យេស៊ូវ​មិន​បាន​បំបាត់​ការ​សង្ស័យ​របស់​លោក​ថូម៉ាស ដោយ​ពន្យល់​គាត់ អំពី​កន្លែង​ដែល​ព្រះ​អង្គ​នឹង​យក​ពួក​គេ​ទៅ​នោះ​ទេ។ ព្រះ​អង្គ​គ្រាន់​តែ​បាន​ធានា​ដល់​ពួក​សាវ័ក​ថា ព្រះ​អង្គ​ជា​ផ្លូវ​ទៅ​កាន់​ទី​កន្លែង​នោះ។ ហើយ​ការ​ដែល​ព្រះ​អង្គ​មាន​បន្ទូល​តែ​ប៉ុណ្ណេះ គឺ​គ្រប់​គ្រាន់​ហើយ។​

យើង​ក៏​មាន​សំណួរ អំពី​អនាគត​របស់​យើង​ផង​ដែរ។ គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា ខ្លួន​នឹង​ជួប​រឿង​អ្វី​ខ្លះ​ឡើយ។ ជីវិត​របស់​យើង​ពេញ​ទៅ​ដោយ​ផ្លូវ​ដែល​បត់​ចុះ​បត់​ឡើង ដែល​យើង​មិន​អាច​មើល​ឃើញ​ជា​មុន។ តែ​វា​មិន​អី​ទេ។ ការ​ដែល​យើង​បាន​ស្គាល់​ព្រះ​យេស៊ូវ នោះ​គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​ព្រះ​អង្គ “ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត”(ខ.៦)។

ព្រះ​យេស៊ូវ​ជ្រាប​អំពី​អនាគត​របស់​យើង។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ​ឲ្យ​ដើរ​តាម​ព្រះ​អង្គ​យ៉ាង​ប្រកិត។ —Mike Wittmer