អេទ្រាន(Adrian) និងក្រុមគ្រួសាររបស់គាត់បានទទួលរងការបៀតបៀន ដោយសារពួកគេជឿព្រះយេស៊ូវ នៅក្នុងប្រទេសដែលពួកគេរស់នៅ។ តែក្នុងពេលដ៏ពិបាកនោះ ពួកគេបានបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដល់អ្នកដទៃ។ មានពេលមួយ គាត់បានឈរនៅក្នុងទីធ្លាព្រះវិហាររបស់គាត់ ដែលដិតដាមទៅដោយស្នាមគ្រាប់កំាភ្លើងជាច្រើនគ្រាប់ ដោយសារពួកភារវករបានប្រើប្រាស់ទីកន្លែងនោះ ជាកន្លែងហ្វឹកហាត់។ គាត់ក៏បានប្រកាស់ប្រាប់គេថា “ថ្ងៃនេះជាថ្ងៃសុក្រដ៏ប្រសើរ ជាថ្ងៃដែលយើងនឹកចាំថា ព្រះយេស៊ូវបានរងទុក្ខជំនួយយើង នៅលើឈើឆ្កាង”។ ហើយគាត់ក៏បានបន្តរងទុក្ខវេទនា ហើយអ្នកជឿទាំងឡាយអាចយល់ អំពីបញ្ហានេះ។ ប៉ុន្តែ ក្រុមគ្រួសារគាត់បានសម្រេចចិត្តបន្តរស់នៅទីនោះ។ ពួកគេនិយាយថា “យើងបន្តរស់នៅទីនេះ យើងនៅតែឈរឲ្យមាំមួន”។
គ្រីស្ទបរិស័ទទំាងនេះ បានយកគំរូតាមអស់អ្នកដែលបានឈរមើលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង(ម៉ាកុស ១៥:៤០)។ ស្រ្តីទាំងនោះមានដូចជា ម៉ារាពីស្រុកម៉ាក់ដាឡា១ និងម៉ារា ជាម្តាយយ៉ាកុបតូច និងយ៉ូសេ១ ហើយនិងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលសុទ្ធតែហ៊ានឈរនៅទីនោះ ព្រោះតាមធម្មតា មិត្តភក្តិ និងក្រុមគ្រួសាររបស់បុគ្គលដែលជាសត្រូវរបស់រដ្ឋ អាចត្រូវគេសើចចម្អក និងដាក់ទោស។ តែស្រ្តីទាំងនេះបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវ ដោយបន្តឈរនៅទីនោះ នៅក្បែរព្រះអង្គ។ ពួកគេបានដើរតាមព្រះអង្គ និងផ្គត់ផ្គង់តម្រូវការរបស់ព្រះអង្គ នៅស្រុកកាលីឡេរួចមកហើយ (ខ.៤១) តែពួកគេនៅតែបន្តឈរ នៅក្បែរព្រះអង្គ នៅពេលដែលព្រះអង្គមានតម្រូវការដ៏ជ្រាលជ្រៅបំផុត។
នៅថ្ងៃនេះ ពេលដែលយើងនឹកចាំ អំពីអំណោយដ៏អស្ចារ្យបំផុតរបស់ព្រះអង្គសង្រ្គោះ និងការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ចូរយើងចំណាយពេលពិចារណា អំពីរបៀបដែលយើងអាចឈរឲ្យមាំមួន ថ្វាយព្រះយេស៊ូវ ខណៈពេលដែលយើងប្រឈមមុខដាក់ទុក្ខលំបាកជាច្រើនប្រភេទ(មើលយ៉ាកុប ១:២-៤)។ ចូរយើងគិតអំពីបងប្អូនរួមជំនឿនៅទូទាំងពិភពលោក ដែលកំពុងរងទុក្ខ ដោយសារជំនឿរបស់ពួកគេ។ លោកអេទ្រានបានសុំឲ្យយើងឈរមាំជាមួយគាត់ នៅក្នុងការអធិស្ឋានរបស់យើងផងដែរ។—Amy Boucher Pye