អេទ្រាន(Adrian) និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​រង​ការ​បៀត​បៀន ដោយ​សារ​ពួក​គេ​ជឿ​ព្រះ​យេស៊ូវ នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេ​រស់​នៅ។​ តែ​ក្នុង​ពេល​ដ៏​ពិបាក​នោះ ពួក​គេ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទដល់​អ្នក​ដទៃ។ មាន​ពេល​មួយ គាត់​បាន​ឈរ​នៅ​ក្នុង​ទីធ្លា​ព្រះវិហារ​របស់​គាត់ ​ដែល​ដិត​ដាម​ទៅ​ដោយ​ស្នាម​គ្រាប់​កំាភ្លើង​ជា​ច្រើន​គ្រាប់ ដោយសារ​ពួក​ភារវករ​បាន​ប្រើ​ប្រាស់​ទីកន្លែង​នោះ ជា​កន្លែង​ហ្វឹក​ហាត់។ គាត់​ក៏​បាន​ប្រកាស់​ប្រាប់​គេ​ថា “ថ្ងៃ​នេះ​ជា​ថ្ងៃ​សុក្រ​ដ៏​ប្រសើរ ជា​ថ្ងៃ​ដែល​យើង​នឹក​ចាំ​ថា ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ​ជំនួយ​យើង នៅ​លើ​ឈើ​ឆ្កាង”។ ហើយ​គាត់​ក៏​បាន​បន្ត​រង​ទុក្ខ​វេទនា ហើយ​អ្នក​ជឿ​ទាំង​ឡាយ​អាច​យល់ អំពី​បញ្ហា​នេះ។ ប៉ុន្តែ ក្រុម​គ្រួសារ​គាត់​បាន​សម្រេច​ចិត្ត​បន្ត​រស់​នៅ​ទី​នោះ​។ ពួក​គេ​និយាយ​ថា “យើង​បន្ត​រស់​នៅ​ទីនេះ យើង​នៅ​តែ​ឈរ​ឲ្យ​មាំ​មួន”។

គ្រីស្ទ​បរិស័ទ​ទំាង​នេះ បាន​យក​គំរូ​តាម​អស់​អ្នក​ដែល​បាន​ឈរ​មើល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង​(ម៉ាកុស ១៥:៤០)។ ស្រ្តី​ទាំង​នោះ​មាន​ដូច​ជា ម៉ារា​ពី​ស្រុក​ម៉ាក់ដាឡា​១ និង​ម៉ារា ជា​ម្តាយ​យ៉ាកុប​តូច និង​យ៉ូសេ​១ ហើយ​និង​សាឡូមេ​១ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​សុទ្ធ​តែ​ហ៊ាន​ឈរ​នៅ​ទីនោះ ព្រោះ​តាម​ធម្មតា មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​បុគ្គល​ដែល​ជា​សត្រូវ​របស់​រដ្ឋ អាច​ត្រូវ​គេ​សើច​ចម្អក និង​ដាក់​ទោស។ តែ​ស្រ្តី​ទាំង​នេះ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​យេស៊ូវ ដោយ​បន្ត​ឈរ​នៅ​ទីនោះ នៅ​ក្បែរ​ព្រះ​អង្គ។ ពួក​គេ​បាន​ដើរ​តាម​ព្រះ​អង្គ និង​ផ្គត់​ផ្គង់​តម្រូវ​ការ​របស់​ព្រះ​អង្គ នៅ​ស្រុក​កាលីឡេ​រួច​មក​ហើយ​ (ខ.៤១) តែ​ពួក​គេ​នៅ​តែ​បន្ត​ឈរ នៅ​ក្បែរ​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​តម្រូវ​ការ​ដ៏​ជ្រាល​ជ្រៅ​បំផុត។

នៅ​ថ្ងៃ​នេះ ពេល​ដែល​យើង​នឹក​ចាំ អំពី​អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​អង្គ​សង្រ្គោះ និង​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ចូរ​យើង​ចំណាយ​ពេល​ពិចារ​ណា ​អំពី​របៀប​ដែល​យើង​អាច​ឈរ​ឲ្យ​មាំ​មួន ថ្វាយ​ព្រះ​យេស៊ូវ ខណៈពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ជា​ច្រើន​ប្រភេទ​(មើល​យ៉ាកុប ១:២-៤)។ ចូរ​យើង​គិត​អំពី​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក ដែល​កំពុង​រង​ទុក្ខ ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ លោក​អេទ្រាន​បាន​សុំ​ឲ្យ​យើង​ឈរ​មាំ​ជា​មួយ​គាត់ នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង​ផង​ដែរ។​—Amy Boucher Pye