ពេលដែលយន្តហោះធ្វើដំណើរ ចូលដល់ល្បឿនមធ្យមរបស់វា អ្នកបម្រើនៅលើយន្តហោះក៏បានបើកវាំងនន ដែលបានបាំងបន្ទប់អ្នកដំណើរថ្នាក់ជាន់ខ្ពស់ ហើយខ្ញុំក៏បាននឹកចាំ អំពីភាពខុសគ្នាយ៉ាងខ្លាំង រវាងតំបន់ផ្សេងៗនៅក្នុងយន្តហោះ។ អ្នកដំណើរខ្លះត្រូវឡើងជិះយន្តហោះមុនគេ ដោយអរសប្បាយនឹងកៅអីដែលល្អជាងគេ ដែលមានកន្លែងទ្រជើង និងសេវ៉ាកម្មផ្ទាល់ខ្លួន ដោយសារពួកគេមានលទ្ធភាពបង់ប្រាក់ច្រើនជាង ដើម្បីឲ្យបានកន្លែងអង្គុយល្អជាង។ វាំងនននោះក៏បានរំឭកខ្ញុំផងដែរ អំពីការបែងចែករវាងខ្ញុំ និងពួកគេ។
ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិទាំងមូល យើងក៏អាចរកឃើញការបែងចែកទីកន្លែង សម្រាប់ក្រុមមនុស្សផ្សេងគ្នាផងដែរ។ ជាក់ស្តែងការបែងចែកទីកន្លែង ក្នុងព្រះវិហាររបស់ព្រះ នៅទីក្រុងយេរូសាឡិម ត្រូវបានអនុវត្តផងដែរ តែមិនមែនដោយសារក្រុមមួយមានលទ្ធភាពបង់ប្រាក់ច្រើនជាងក្រុមមួយទៀតនោះឡើយ។ អស់អ្នកដែលមិនមែនជាជនជាតិយូដា ត្រូវបានអនុញ្ញាតឲ្យថ្វាយបង្គំព្រះតែនៅក្នុងទីធ្លាខាងក្រៅប៉ុណ្ណោះ។ បន្ទាប់មក គឺទីធ្លាសម្រាប់ស្រ្តី ដែលនៅជិតទីធ្លាដែលគេបានរៀបចំសម្រាប់តែប្រុសៗ។ ជាចុងក្រោយ ទីបរិសុទ្ធបំផុតគឺជាកន្លែងដែលព្រះជាម្ចាស់បង្ហាញព្រះអង្គទ្រង់ តាមរបៀបពិសេសខុសពីកន្លែងផ្សេង។ កន្លែងនោះត្រូវបានបិទបាំងដោយវាំងននមួយ សម្រាប់ឲ្យសង្ឃតែម្នាក់ចូលទៅក្នុងនោះ មួយឆ្នាំម្តង ដោយមានការញែកជាបរិសុទ្ធជាមុន(ហេព្រើរ ៩:១-១០)។
ប៉ុន្តែ អ្វីដែលអស្ចារ្យនោះគឺ ការបែងចែកនោះលែងមានទៀតហើយ។ ព្រះយេស៊ូវបានលប់បំបាត់រនាំងណាក៏ដោយ ដែលអាចរារាំងមនុស្សមិនឲ្យចូលទៅរកព្រះ ជាពិសេសអំពើបាប ដែលជារនាំងធំបំផុត(១០:១៧)។ វាំងនននៅព្រះវិហារយេរូសាឡិមបានរហែកជាពីរ នៅពេលដែលព្រះយេស៊ូវសុគត(ម៉ាថាយ ២៧:៥០-៥១) គឺជាសញ្ញាបញ្ជាក់ថា ព្រះកាយរបស់ព្រះអង្គដែលបានជាប់ឆ្កាង បានដករនាំងទាំងអស់ ដែលបានរារាំងមនុស្សមិនឲ្យចូលព្រះវត្តមានព្រះ។ គ្មានរនាំងណា ដែលចំាបាច់ត្រូវរារាំងអ្នកជឿទាំងអស់ មិនឲ្យពិសោធនឹងសិរីល្អ និងសេចក្តីស្រឡាញ់របស់ព្រះដ៏រស់ទៀតឡើយ។ —Lisa M. Samra