ពេល​ដែល​យន្ត​ហោះ​ធ្វើ​ដំណើរ ចូល​ដល់​ល្បឿន​មធ្យម​របស់​វា អ្នក​បម្រើ​នៅ​លើ​យន្ត​ហោះ​ក៏​បាន​បើក​វាំង​នន ដែល​បាន​បាំង​បន្ទប់​អ្នក​ដំណើរ​ថ្នាក់​ជាន់​ខ្ពស់ ហើយខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង រវាង​តំបន់​ផ្សេង​ៗ​នៅ​ក្នុងយន្ត​ហោះ។ អ្នក​ដំណើរ​ខ្លះ​ត្រូវ​ឡើង​ជិះ​យន្ត​ហោះ​មុន​គេ ដោយ​អរ​សប្បាយ​នឹង​កៅ​អី​ដែល​ល្អ​ជាង​គេ ដែល​មាន​កន្លែង​ទ្រ​ជើង និង​សេវ៉ា​កម្ម​ផ្ទាល់​ខ្លួន ដោយ​សារ​ពួក​គេ​មាន​លទ្ធ​ភាព​បង់​ប្រាក់​ច្រើន​ជាង ដើម្បី​ឲ្យ​បាន​កន្លែង​អង្គុយល្អ​ជាង។ វាំង​នន​នោះ​ក៏​បាន​រំឭក​ខ្ញុំ​ផង​ដែរ អំពី​ការ​បែង​ចែក​រវាង​ខ្ញុំ និង​ពួក​គេ។​

ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ​ទាំង​មូល យើង​ក៏​អាច​រក​ឃើញ​ការ​បែង​ចែក​ទី​កន្លែង សម្រាប់​ក្រុម​មនុស្ស​ផ្សេង​គ្នា​ផងដែរ​។ ជាក់​ស្តែង​ការ​បែង​ចែក​ទី​កន្លែង ក្នុង​ព្រះ​វិហារ​របស់​ព្រះ នៅ​ទីក្រុង​យេរូសាឡិម ត្រូវ​បាន​អនុវត្ត​ផង​ដែរ ​តែ​មិន​មែន​ដោយ​សារ​ក្រុម​មួយ​មាន​លទ្ធ​ភាព​បង់​ប្រាក់​ច្រើន​ជាង​ក្រុម​មួយ​ទៀត​នោះ​ឡើយ​។​  អស់​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​តែ​នៅ​ក្នុង​ទីធ្លា​ខាង​ក្រៅ​ប៉ុណ្ណោះ។ បន្ទាប់​មក ​គឺ​ទីធ្លា​សម្រាប់​ស្រ្តី ដែលនៅ​ជិត​ទីធ្លា​ដែល​គេ​បាន​រៀប​ចំ​សម្រាប់​តែ​ប្រុស​ៗ។  ជា​ចុង​ក្រោយ ទី​បរិសុទ្ធ​បំផុត​គឺ​ជា​កន្លែង​ដែល​ព្រះ​ជា​ម្ចាស់​បង្ហាញ​ព្រះ​អង្គ​ទ្រង់ តាម​របៀប​ពិសេស​ខុស​ពី​កន្លែង​ផ្សេង។ កន្លែង​នោះ​ត្រូវ​បាន​បិទ​បាំង​ដោយ​វាំង​នន​មួយ សម្រាប់​ឲ្យ​សង្ឃ​តែ​ម្នាក់​ចូល​ទៅ​ក្នុង​នោះ មួយ​ឆ្នាំ​ម្តង ដោយ​មាន​ការ​ញែក​ជា​បរិសុទ្ធ​ជា​មុន​(ហេព្រើរ ៩:១-១០)។

ប៉ុន្តែ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ ការ​បែង​ចែក​នោះ​លែង​មាន​ទៀត​ហើយ។ ព្រះ​យេស៊ូវ​បាន​លប់​បំបាត់​រនាំង​ណាក៏​ដោយ​ ដែល​អាច​រារាំង​មនុស្ស​មិន​ឲ្យ​ចូល​ទៅ​រក​ព្រះ ជា​ពិសេស​អំពើ​បាប ដែល​ជា​រនាំង​ធំ​បំផុត​(១០:១៧)។ វាំង​នន​នៅ​ព្រះ​វិហារ​យេរូសាឡិម​បាន​រហែក​ជា​ពីរ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សុគត​(ម៉ាថាយ ២៧:៥០-៥១) ​ គឺ​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​កាយ​របស់​ព្រះ​អង្គ​ដែល​បាន​ជាប់​ឆ្កាង បាន​ដក​រនាំង​ទាំង​អស់ ដែល​បាន​រារាំង​មនុស្ស​មិន​ឲ្យ​ចូល​ព្រះ​វត្ត​មាន​ព្រះ។ គ្មាន​រនាំង​ណា ដែល​ចំា​បាច់​ត្រូវ​រារាំង​អ្នក​ជឿ​ទាំង​អស់ មិន​ឲ្យ​ពិសោធ​នឹង​សិរីល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដ៏​រស់​ទៀត​ឡើយ។ —Lisa M. Samra