លោក​ជីម(Jim) និង​លោក​ជេមី ដាច់ឆ័រ(Jamie Dutcher) គឺ​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត ដែល​មាន​ឈ្មោះ​ល្បី ដោយ​សារ​ពួក​គេ​មាន​ការ​យល់​ដឹង អំពី​សត្វ​ឆ្កែ​ចចក។ ពួក​គេ​បាន​ពិពណ៌នា​ថា ពេល​ណា​ឆ្កែ​ចចក​សប្បាយ​ចិត្ត ពួក​វា​គ្រវី​កន្ទុយ ហើយ​ប្រលែង​គ្នា​លេង។ ប៉ុន្តែ បន្ទាប់ពី​សមាជិក​ណា​មួយ របស់​ហ្វូង​ចចក​ងាប់ ពួក​វា​ក៏​បាន​កាន់​ទុក​អស់​ជា​ច្រើន​សប្តាហ៍។ ពួក​វា​នាំ​គ្នា​ទៅ​កន្លែង​ដែល​សមាជិក​នោះ​ស្លាប់ ដោយ​បង្ហាញ​ចេញ​នូវ​ការ​សោក​សង្រេង ដោយ​ទម្លាក់​កន្ទុយ​ចុះ ហើយ​ស្រែក​លូយ៉ាង​ស្រងេះ​ស្រង៉ោច​។

ការ​សោក​សង្រេង គឺ​ជា​អារម្មណ៍​ដែល​មាន​អំណាច​ណាស់ ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ឆ្លង​កាត់ ជា​ពិសេស នៅ​ពេល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​បាត់​បង់​ក្តី​សង្ឃឹម។ នាង​ម៉ារា ម៉ាក់ដាឡា មាន​ការ​សោក​សង្រេង​យ៉ាង​ខ្លាំង នៅពេល​ដែល​ព្រះ​យេស៊ូវ​សុគត។​ នាង​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំ​ទ្រ​ព្រះ​យេស៊ូវ ហើយ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ​អង្គ និង​ពួក​សិស្ស​(លូកា ៨:១-៣)។ ប៉ុន្តែ ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង បាន​នាំ​ឲ្យ​នាង​សោក​សង្រេង។ អ្វី​ដែល​នាង​អាច​ធ្វើ​ថ្វាយ​ព្រះ​យេស៊ូវ​នៅ​ពេល​នោះ គឺ​ការ​បញ្ចប់​ការ​ចាក់​ប្រេង​ក្រអូប​ពី​លើ​ព្រះ​សព​របស់​ព្រះ​អង្គ សម្រាប់​ការ​បញ្ចុះ​សព ជា​កិច្ច​ការ​ដែល​ត្រូវ​បាន​បង្អាក់ ដោយ​សារ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក។ ប៉ុន្តែ សូម​យើង​ស្រមៃ​ថា នាង​ម៉ារា​មាន​អារម្មណ៍​ដូច​ម្តេច ពេល​ដែល​បាន​ទៅ​ដល់​ផ្នូរ មិន​ឃើញ​ព្រះ​សព តែ​បាន​ឃើញ​ព្រះ​អង្គ​សង្រ្គោះ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ពី​ដំបូង​នាង​មិន​ស្គាល់​បុរស​ដែល​ឈរ​នៅ​ពី​មុខ​នាង​ទេ តែ​ពេល​ដែល​នាង​បាន​ឮ​សម្លេង​ព្រះ​អង្គ​មាន​បន្ទូល​ហៅ​ឈ្មោះ​នាង នាង​ក៏​បាន​ដឹង​ថា បុរស​នោះ​ជា​ព្រះ​យេស៊ូវ! ភ្លាម​នោះ ការ​សោក​សង្រេង​ក៏​បាន​ប្រែ​ក្លាយ​ជា​ក្តី​អំណរ។ ពេល​នេះ នាង​ម៉ារា​មាន​ដំណឹង​ដ៏​រីក​រាយ ដើម្បី​ចែក​រំលែក​ប្រាប់​គេ​ថា នាង​បាន​ឃើញ​ព្រះ​អម្ចាស់​ហើយ​(យ៉ូហាន ២០:១៨)។

ព្រះ​យេស៊ូវ​បាន​យាង​ចូល​ក្នុង​លោកិយ​ដ៏​ងងឹត ដើម្បី​នាំ​សេរីភាព និង​ជីវិត​មក​ឲ្យ​យើង។ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ គឺ​បាន​បញ្ជាក់​ការ​ពិត​ថា ព្រះ​អង្គ​បាន​សម្រេច​បេសក​កម្ម​របស់​ព្រះ​អង្គ​ហើយ។  ដូច​នេះ យើង​ក៏​អាច​អប​អរសារ​ទរ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ និង​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​គេ​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​ដ៏រស់! ហាលេលូយ៉ា!—Linda Washington