យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​យើង​ឃើញ​គេ​បង្ហាញ​ចេញ​នូវ​ចិត្ត​ឆេះ​ឆួល និង​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​ដេញ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន។ ឧទាហរណ៍ : យុវតី​ម្នាក់​ដែល​ខ្ញុំ​បាន​ស្គាល់ បាន​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​រយៈ​ពេល​តែ​៣​ឆ្នាំ ដែល​នោះ​ជា​កិច្ចការ​ដែល​ទាម​ទា​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ទាំង​ស្រុង។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​ចង់​បាន​រថយន្ត​មួយ​ប្រភេទ ដូច​នេះ​គាត់​ក៏​បា​នខិត​ខំ​ដុត​នំ​លក់ ទាល់​តែ​គាត់​សម្រេច​គោល​ដៅ។ មនុស្ស​ម្នាក់​ទៀត ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​លក់ បាន​ព្យាយាម​ជួប​អតិថិ​ជន​ឲ្យ​បាន​១​រយ​នាក់ ជា​រៀង​រាល់​សប្តាហ៍។​

ការ​ព្យាយាម​ស្វែង​រក​អ្វី ដែល​មាន​តម្លៃ​នៅ​លើ​ផែនដី អាច​ជា​រឿង​ល្អ តែ​មាន​ការ​ស្វែង​រក​មួយ​ប្រភេទ​ទៀត ដែល​សំខាន់​ជាង​នេះ ដែល​យើង​ត្រូវ​តែ​យក​មក​គិត។​

កាល​ស្តេច​ដាវីឌ​កំពុង​តែ​ជួប​ភាព​អស់​សង្ឃឹម នៅ​ក្នុង​វាល​រហោ​ស្ថាន ទ្រង់​បាន​សរសេរ​ថា “ឱ​ព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត”(ទំនុកដំកើង ៦៣:១)។ ខណៈ​ពេល​ដែល​ស្តេច​ដាវីឌ​ស្រែក​រកព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​បាន​យាង​ចូល​មក​ជិត​ក្សត្រ​អង្គ​នេះ​ដែល​កំពុង​នឿយ​ព្រួយ។ មាន​តែ​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់​ទេ ដែល​អាច​ចម្អែត​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ ដែល​ស្តេច​ដាវីឌ​មាន​ចំពោះ​ព្រះ​អង្គ។

ស្តេច​ដាវីឌ​ក៏​បាន​នឹក​ចាំ អំពី​ពេល​ដែល​ទ្រង់​បាន​ជួប​ជា​មួយ​ព្រះ​ជា​ម្ចាស់ ក្នុង “ទី​បរិសុទ្ធ”(ខ.២) និង​បាន​ពិសោធ​នឹងក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដែល​វិសេស​លើស​អ្វី​ៗ​ទាំង​អស់(ខ.៣) ហើយ​សរសើរ​ដំកើង​ព្រះ​អង្គ ​ជា​រៀង​រាល់​ថ្ងៃ ដោយរក​បាន​ភាព​ស្កប់​ចិត្ត​ក្នុង​ព្រះ​អង្គ ដូច​បាន​សោយ​ម្ហូប​អាហារ​ដ៏​បរិបូរ និង​ស្កប់​ស្កល់​(ខ.៤-៥)។

សូម្បី​តែ​នៅ​ពេល​យប់ ទ្រង់​ក៏​បាន​ជញ្ជឹង​គិត​អំពី​ភាព​ធំ​ប្រសើរ​របស់​ព្រះ ដោយ​ទទួល​ស្គាល់​ជំនួយ និង​ការ​ការ​ពារ​របស់​ព្រះ​អង្គ(ខ.៦-៧)។

នៅ​ថ្ងៃ​នេះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្តាល​ចិត្ត​យើង ឲ្យ​ស្វែង​រក​ព្រះ​ជា​ម្ចាស់ ឲ្យ​អស់​ពី​ចិត្ត។ កាល​ណា​យើង​បាន​តោង​ព្រះ​អង្គ​ឲ្យ​ជាប់​ហើយ ព្រះ​អង្គ​នឹង​លើក​យើង​ឡើង ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​មាន​ចេស្តា និង​សេចក្តី​ស្រឡាញ់។ តាម​រយៈ​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ ចូរ​យើង​ចូល​ទៅ​ជិត​ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង។ —Dave Branon