យើងអាចទទួលការលើកទឹកចិត្ត ពេលដែលយើងឃើញគេបង្ហាញចេញនូវចិត្តឆេះឆួល និងប្តូរផ្តាច់ នៅក្នុងការដេញតាមក្តីស្រមៃរបស់ខ្លួន។ ឧទាហរណ៍ : យុវតីម្នាក់ដែលខ្ញុំបានស្គាល់ បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ កាលពីពេលថ្មីៗនេះ ក្នុងរយៈពេលតែ៣ឆ្នាំ ដែលនោះជាកិច្ចការដែលទាមទាឲ្យមានការប្តេជ្ញាចិត្តទាំងស្រុង។ មិត្តភក្តិរបស់ខ្ញុំម្នាក់ចង់បានរថយន្តមួយប្រភេទ ដូចនេះគាត់ក៏បានខិតខំដុតនំលក់ ទាល់តែគាត់សម្រេចគោលដៅ។ មនុស្សម្នាក់ទៀត ដែលធ្វើការក្នុងផ្នែកលក់ បានព្យាយាមជួបអតិថិជនឲ្យបាន១រយនាក់ ជារៀងរាល់សប្តាហ៍។
ការព្យាយាមស្វែងរកអ្វី ដែលមានតម្លៃនៅលើផែនដី អាចជារឿងល្អ តែមានការស្វែងរកមួយប្រភេទទៀត ដែលសំខាន់ជាងនេះ ដែលយើងត្រូវតែយកមកគិត។
កាលស្តេចដាវីឌកំពុងតែជួបភាពអស់សង្ឃឹម នៅក្នុងវាលរហោស្ថាន ទ្រង់បានសរសេរថា “ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត”(ទំនុកដំកើង ៦៣:១)។ ខណៈពេលដែលស្តេចដាវីឌស្រែករកព្រះអម្ចាស់ ព្រះអង្គក៏បានយាងចូលមកជិតក្សត្រអង្គនេះដែលកំពុងនឿយព្រួយ។ មានតែព្រះវត្តមានរបស់ព្រះជាម្ចាស់ទេ ដែលអាចចម្អែតការស្រេកឃ្លានខាងវិញ្ញាណ ដែលស្តេចដាវីឌមានចំពោះព្រះអង្គ។
ស្តេចដាវីឌក៏បាននឹកចាំ អំពីពេលដែលទ្រង់បានជួបជាមួយព្រះជាម្ចាស់ ក្នុង “ទីបរិសុទ្ធ”(ខ.២) និងបានពិសោធនឹងក្តីស្រឡាញ់របស់ព្រះអង្គដែលវិសេសលើសអ្វីៗទាំងអស់(ខ.៣) ហើយសរសើរដំកើងព្រះអង្គ ជារៀងរាល់ថ្ងៃ ដោយរកបានភាពស្កប់ចិត្តក្នុងព្រះអង្គ ដូចបានសោយម្ហូបអាហារដ៏បរិបូរ និងស្កប់ស្កល់(ខ.៤-៥)។
សូម្បីតែនៅពេលយប់ ទ្រង់ក៏បានជញ្ជឹងគិតអំពីភាពធំប្រសើររបស់ព្រះ ដោយទទួលស្គាល់ជំនួយ និងការការពាររបស់ព្រះអង្គ(ខ.៦-៧)។
នៅថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តយើង ឲ្យស្វែងរកព្រះជាម្ចាស់ ឲ្យអស់ពីចិត្ត។ កាលណាយើងបានតោងព្រះអង្គឲ្យជាប់ហើយ ព្រះអង្គនឹងលើកយើងឡើង ដោយព្រះហស្តស្តាំដ៏មានចេស្តា និងសេចក្តីស្រឡាញ់។ តាមរយៈការដឹកនាំរបស់ព្រះវិញ្ញាណ ចូរយើងចូលទៅជិតព្រះដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។ —Dave Branon