តាម​ការ​សិក្សា​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា ពាក្យ​លើក​ទឹក​ចិត្ត​ពី​អ្នក​ថែ​បំប៉ន​សុខ​ភាព អាច​ជួយ​អ្នក​ជំងឺឲ្យ​ឆាប់​ជា​សះ​ស្បើយ។ នៅ​ក្នុង​ការ​ពិសោធន៍​ដ៏​សាមញ្ញ​មួយ គេ​បាន​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​ទទួល​សារធាតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​រមាស់ បន្ទាប់​មក គេ​ក៏​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​អ្នក​ដែល​បាន​ទទួល​ការ​ធានា​ពី​គ្រូ​ពេទ្យ និង​អ្នក​ដែល​មិន​បាន​ទទួល​ការ​ធានា។ នៅ​ចុង​បញ្ចប់ គេ​ក៏​បាន​រក​ឃើញ​ថា អ្នក​ជម្ងឺ​ដែល​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​គ្រូ​ពេទ្យ​ មាន​អាការៈ​រមាស់​តិច​ជាង​អ្នក​ជម្ងឺ​ដែល​មិន​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត។​

អ្នក​និពន្ធ​បទ​គម្ពីរ​សុភាសិត​បាន​ដឹង​ថា ពាក្យ​លើក​ទឹក​ចិត្ត​មាន​សារៈ​សំខាន់​យ៉ាង​ណា ចំពោះ​យើង​ម្នាក់​ៗ។ គឺដូច​ដែល​គាត់​បាន​សរសេរ​ថា “ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង”(សុភាសិត ១៦:២៤)។ ពាក្យ​សម្តី​មិន​គ្រាន់​តែ​មាន​ឥទ្ធិ​ពល​ជា​វិជ្ជមាន​មក​លើ​សុខ​ភាព​របស់​យើង​ប៉ុណ្ណោះ​ទេ។ ព្រោះ​ពេល​ណា​យើង​ធ្វើ​តាម​ការ​បង្រៀន​ប្រកប​ដោយ​ប្រាជ្ញា នោះ​យើង​ក៏​នឹង​ទំនង​ជា​មាន​ការ​រីក​ចម្រើន នៅ​ក្នុង​ការ​ប្រឹង​ប្រែង​របស់​យើង​ផង​ដែរ​(ខ.២០)។  ដូច​នេះ ការ​លើក​ទឹក​ចិត្ត​ក៏​បាន​នាំ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា នៅ​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​នៅ​ពេល​អនា​គត។​

យើង​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ច្បាស់ អំពី​របៀប ឬ​មូល​ហេតុ​ដែល​ប្រាជ្ញា និង​ការ​លើក​ទឹក​ចិត្ត នាំ​ឲ្យ​យើង​មាន​កម្លាំង និង​ការ​ប្រោស​ឲ្យ​ជា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។ តែ​ការ​លើក​ទឹក​ចិត្ត និង​ការ​ណែ​នាំ​របស់​ឪពុក​ម្តាយ​ គ្រូ​បង្វឹក និង​មិត្ត​រួម​ការងារ ហាក់​ដូច​ជា​ជួយ​យើង ឲ្យ​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​នាំ​យើង​ទៅ​រក​ជោគ​ជ័យ។ ស្រដៀងគ្នា​នេះ​ដែរ ព្រះ​គម្ពីរ​ក៏​មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​យើង ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក ដោយ​ចម្រើន​កម្លាំង​យើង ​ឲ្យ​អាច​ស៊ូទ្រាំ​នឹង​កាលៈទេសៈ​ដែល​ពិបាក​បំផុត។ ឱ​ព្រះ​អម្ចាស់ សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​បាន​ទទួល​កម្លាំង ពី​ប្រាជ្ញា​របស់​ព្រះ​អង្គ ហើយ​ប្រទាន​ការ​ប្រោស​ឲ្យ​ជា និង​ក្តី​សង្ឃឹម តាម​រយៈ “ពាក្យ​សម្តី​ប្រកប​ដោយ​ព្រះ​គុណ” ដល់​អ្នក​ដែល​ព្រះ​អង្គ​បាន​ដាក់​ក្នុង​ជីវិត​យើង​ខ្ញុំ។​—Kirsten Holmberg