នៅក្នុងកម្មវិធីចែកអាវធំ ឬអាវរងាសម្រាប់កុមារ គេសង្កេតឃើញក្មេងៗមានការរំភើបចិត្តយ៉ាងខ្លាំង នៅក្នុងការរើសយកអាវរងាដែលមានពណ៌ និងទំហំដែលពួកគេចូលចិត្ត ដោយការដឹងគុណ។ អ្នករៀបចំកម្មវិធីនេះបានមានប្រសាសន៍ថា អាវធំថ្មីៗបានធ្វើឲ្យក្មេងៗមានជំនឿចិត្ត ហើយទទួលបាននូវការទទួលស្គាល់កាន់តែច្រើនពីមិត្តភក្តិ និងកាន់តែមានចិត្តចង់ទៅរៀន ក្នុងរដូវរងា។
សាវ័កប៉ុលហាក់ដូចជាត្រូវការអាវរងាផងដែរ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅលោកធីម៉ូថេថា “ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង”(២ធីម៉ូថេ ៤:១៣)។ កាលនោះ សាវ័កប៉ុលកំពុងតែជាប់គុកដ៏រងារបស់ពួករ៉ូម៉ាំង ដូចនេះ គាត់ត្រូវការភាពកក់ក្តៅ និងមនុស្សនៅក្បែរគាត់ផងដែរ។ ពេលដែលគាត់ត្រូវពួករ៉ូម៉ាំងកាត់ទោស គាត់បានពោលទំនួញថា “កាលខ្ញុំបានដោះសារជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្តីនោះ ជាទោសដល់គេឡើយ”(ខ.១៦)។ ពាក្យសម្តីរបស់គាត់បានចាក់ដោតចិត្តយើងណាស់ ព្រោះគាត់បានបង្ហាញចេញនូវការឈឺចាប់ ដោយចិត្តស្មោះត្រង់ ក្នុងនាមជាបេសកជនឈានមុខម្នាក់។
ប៉ុន្តែ នៅចុងបញ្ចប់នៃសំបុត្រចុងក្រោយរបស់គាត់ គាត់ក៏បាននិយាយបូកសរុបកិច្ចការដ៏គួរឲ្យស្ងប់ស្ងែង ដែលគាត់បានធ្វើថ្វាយព្រះ ដោយឈប់និយាយអំពីភាពកម្សត់របស់គាត់ ហើយងាកមកសរសើរដំកើងព្រះ។ គឺដូចដែលគាត់បាននិយាយបន្ថែមទៀតថា “ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចំរើនកំឡាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយទ្រង់បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ” (ខ.១៧)។ ពាក្យសម្តីនេះពិតជាកម្សាន្តចិត្តយើងណាស់។
បើសិនជាអ្នកកំពុងតែជួបវិបត្តិ ដោយខ្វះខោអាវដ៏កក់ក្តៅ ឬមិនមានមិត្តជិតស្និទ្ធណាមកជួយ សូមនឹកចំាព្រះជាម្ចាស់ ។ យើងអាចទុកចិត្តថា ព្រះអង្គនឹងចម្រើនកម្លាំង ផ្គត់ផ្គង់តម្រូវការ និងរំដោះយើងឲ្យរួច ដោយព្រះទ័យស្មោះត្រង់។ តើហេតុអ្វី? គឺដើម្បីសិរីល្អរបស់ព្រះអង្គ និង ដើម្បីសម្រេចបំណងព្រះទ័យដែលព្រះអង្គមានសម្រាប់យើង នៅក្នុងនគររបស់ព្រះអង្គ។—Patricia Raybon1