នៅ​ក្នុង​កម្ម​វិធី​ចែក​អាវ​ធំ ​ឬ​អាវ​រងា​សម្រាប់​កុមារ គេ​សង្កេត​ឃើញ​ក្មេង​ៗ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រើស​យក​អាវ​រងា​ដែល​មាន​ពណ៌ និង​ទំហំ​ដែល​ពួក​គេ​ចូល​ចិត្ត ដោយ​ការ​ដឹង​គុណ។ អ្នក​រៀប​ចំ​កម្ម​វិធី​នេះ​បាន​មាន​ប្រសាសន៍​ថា អាវ​ធំ​ថ្មី​ៗ​បាន​ធ្វើ​ឲ្យ​ក្មេងៗ​មាន​ជំនឿ​ចិត្ត ហើយ​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ពី​មិត្ត​ភក្តិ និង​កាន់​តែ​មាន​ចិត្ត​ចង់​ទៅ​រៀន ក្នុង​រដូវ​រងា។

សាវ័ក​ប៉ុល​ហាក់​ដូច​ជា​ត្រូវ​ការ​អាវ​រងា​ផង​ដែរ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ​ថា “ដល់​កាល​ណា​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង”(២ធីម៉ូថេ ៤:១៣)។ កាលនោះ សាវ័ក​ប៉ុល​កំពុង​តែ​ជាប់​គុក​ដ៏​រងា​របស់​ពួក​រ៉ូម៉ាំង ដូច​នេះ គាត់​ត្រូវ​ការ​ភាព​កក់​ក្តៅ និង​មនុស្ស​នៅ​ក្បែរ​គាត់​ផង​ដែរ។ ពេល​ដែល​គាត់​ត្រូវ​ពួក​រ៉ូម៉ាំង​កាត់​ទោស គាត់​បាន​ពោល​ទំនួញ​ថា “កាល​ខ្ញុំ​បាន​ដោះ​សារ​ជា​មុន​ដំបូង នោះ​គ្មាន​អ្នក​ណា​ឈរ​ជា​មួយ​នឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំង​អស់​គ្នា តែ​សូម​កុំ​ឲ្យ​ព្រះ​រាប់​សេចក្តី​នោះ ជា​ទោស​ដល់​គេ​ឡើយ”(ខ.១៦)។ ពាក្យ​សម្តី​របស់​គាត់​បាន​ចាក់​ដោត​ចិត្ត​យើង​ណាស់ ព្រោះ​គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ឈឺ​ចាប់ ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​នាម​ជា​បេសក​ជន​ឈាន​មុខ​ម្នាក់។​

ប៉ុន្តែ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​ចុង​ក្រោយ​របស់​គាត់ គាត់​ក៏​បាន​និយាយ​បូក​សរុប​កិច្ចការ​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ងែង ដែល​គាត់​បាន​ធ្វើ​ថ្វាយ​ព្រះ ដោយ​ឈប់​និយាយ​អំពី​ភាព​កម្សត់​របស់​គាត់ ហើយ​ងាក​មក​សរសើរ​ដំកើង​ព្រះ។ គឺ​ដូច​ដែល​គាត់បាន​និយាយ​បន្ថែម​ទៀត​ថា “ព្រះអម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយសារ​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ” (ខ.១៧)។ ពាក្យ​សម្តី​នេះ​ពិត​ជា​កម្សាន្ត​ចិត្ត​យើង​ណាស់។

បើ​សិន​ជា​អ្នក​កំពុង​តែ​ជួប​វិបត្តិ ដោយ​ខ្វះ​ខោអាវ​ដ៏​កក់​ក្តៅ ឬ​មិន​មាន​មិត្ត​ជិត​ស្និទ្ធ​ណា​មក​ជួយ សូម​នឹក​ចំា​ព្រះ​ជា​ម្ចាស់ ។ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ចម្រើន​កម្លាំង ផ្គត់​ផ្គង់​តម្រូវ​ការ និង​រំដោះ​យើង​ឲ្យ​រួច ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់។ តើ​ហេតុ​អ្វី? គឺ​ដើម្បី​សិរីល្អ​របស់​ព្រះ​អង្គ និង ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ដែល​ព្រះ​អង្គ​មាន​សម្រាប់​យើង នៅ​ក្នុង​នគរ​របស់​ព្រះ​អង្គ។—Patricia Raybon1