មានអ្នកជឿថ្មីម្នាក់ មានចិត្តចង់អានព្រះគម្ពីរណាស់។ ទោះជាយ៉ាងណាក៏ដោយ គាត់បានពិការភ្នែកទាំងសង្ខាង និងបាត់បង់ដៃទាំងពីរ នៅក្នុងការផ្ទុះគ្រាប់ កាលពីពេលកន្លងទៅ។ ពេលដែលគាត់ឮថា មានស្រ្តីម្នាក់អានអក្សរផុសសម្រាប់ជនពិការភ្នែក ដោយប្រើបបូរមាត់របស់នាងស្ទាបអក្សរនោះ គាត់ក៏បានព្យាយាមធ្វើតាមនាង តែគាត់ក៏បានដឹងថា ចុងសរសៃប្រសាទ នៅលើបបូរមាត់គាត់ក៏បានខូចអស់ផងដែរ។ ក្រោយមក គាត់មានពេញដោយអំណរ ពេលដែលគាត់បានរកឃើញថា គាត់អាចស្ទាបអក្សរផុស ដោយប្រើអណ្តាតរបស់គាត់! គាត់បានរកឃើញវិធីអានព្រះគម្ពីរ ដោយអំណរ។
ក្តីអំណរក៏ជាអារម្មណ៍ដែលហោរាយេរេមាមាន ពេលដែលគាត់បានទទួលព្រះបន្ទូលព្រះ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ” (យេរេមា ១៥:១៦)។ ខុសពីជនជាតិយូដា ដែលស្អប់ខ្ពើមព្រះបន្ទូលព្រះអង្គ(៨:៩) លោកយេរេមាបានស្តាប់បង្គាប់ និងអរសប្បាយនៅក្នុងព្រះបន្ទូលព្រះអង្គជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការស្តាប់បង្គាប់របស់គាត់ បាននាំឲ្យប្រជាជនរបស់គាត់បដិសេធគាត់ និងបៀតបៀនគាត់យ៉ាងអយុត្តិធម៌(១៥:១៧)។
ក្នុងចំណោមយើង ប្រហែលជាមានអ្នកខ្លះ ដែលធ្លាប់ជួបរឿងស្រដៀងនេះ។ យើងធ្លាប់អានព្រះគម្ពីរប៊ីបដោយអំណរ ប៉ុន្តែ អ្នកដទៃបានធ្វើទុកបុកម្មេញ និងបដិសេធយើង ដោយសារយើងស្តាប់បង្គាប់ព្រះអង្គ។ ស្ថិតក្នុងពេលបែបនោះ យើងប្រហែលជាមានអារម្មណ៍ភ័ន្តភាំង តែយើងអាចថ្វាយអារម្មណ៍ភ័ន្តភាំងនេះដល់ព្រះជាម្ចាស់ តាមគំរូលោកយេរមា។ ព្រះអង្គបានឆ្លើយតបចំពោះលោកយេរេមា ដោយមានព្រះបន្ទូលសន្យាចំពោះគាត់ឡើងវិញ គឺដូចគ្រាដំបូងដែលព្រះអង្គត្រាស់ហៅគាត់ឲ្យធ្វើជាហោរា(ខ.១៩-២១ និង មើល ១:១៨-១៩)។ ព្រះជាម្ចាស់បានរំឭកគាត់ថា ព្រះអង្គមិនដែលបោះបង់ចោលរាស្រ្តរបស់ព្រះអង្គឡើយ។ យើងក៏អាចមានទំនុកចិត្តដូចនេះផងដែរ។ ព្រះអង្គស្មោះត្រង់ ហើយក៏មិនបោះបង់ចោលយើងឡើយ។—Poh Fang Chia