មាន​អ្នក​ជឿ​ថ្មី​ម្នាក់ មាន​ចិត្ត​ចង់​អាន​ព្រះ​គម្ពីរ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ពិការ​ភ្នែក​ទាំង​សង្ខាង និង​បាត់​បង់​ដៃ​ទាំង​ពីរ នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់ កាល​ពី​ពេល​កន្លង​ទៅ។  ពេល​ដែល​គាត់​ឮ​ថា មាន​ស្រ្តី​ម្នាក់​អាន​អក្សរផុស​សម្រាប់​ជន​ពិការ​ភ្នែក ដោយ​ប្រើ​បបូរ​មាត់​របស់​នាង​ស្ទាប​អក្សរ​នោះ គាត់​ក៏​បាន​ព្យាយាម​ធ្វើ​តាម​នាង តែ​គាត់​ក៏បាន​ដឹង​ថា ចុង​សរសៃ​ប្រសាទ នៅ​លើ​បបូរ​មាត់​គាត់​ក៏​បាន​ខូច​អស់​ផង​ដែរ។ ក្រោយ​មក គាត់​មាន​ពេញ​ដោយ​អំណរ ពេល​ដែល​គាត់​បាន​រក​ឃើញ​ថា គាត់​អាច​ស្ទាប​អក្សរ​ផុស ដោយ​ប្រើ​អណ្តាត​របស់​គាត់! គាត់​បាន​រក​ឃើញវិធី​អាន​ព្រះ​គម្ពីរ ដោយ​អំណរ។​

ក្តី​អំណរ​ក៏​ជា​អារម្មណ៍​ដែល​ហោរា​យេរេមា​មាន ពេល​ដែល​គាត់​បាន​ទទួល​ព្រះ​បន្ទូល​ព្រះ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ទូល​បង្គំ​បាន​ឃើញ​ព្រះ​បន្ទូល​ទ្រង់ ទូល​បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ​បន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីក​រាយ​ចិត្ត​ដល់​ទូល​បង្គំ” (យេរេមា ១៥:១៦)។ ខុស​ពី​ជន​ជាតិ​យូដា ដែល​ស្អប់​ខ្ពើមព្រះ​បន្ទូល​ព្រះ​អង្គ(៨:៩) លោក​យេរេមា​បាន​ស្តាប់​បង្គាប់ និង​អរ​សប្បាយ​នៅ​ក្នុង​ព្រះ​បន្ទូល​ព្រះ​អង្គ​ជា​និច្ច។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ការ​ស្តាប់​បង្គាប់​របស់​គាត់ បាន​នាំ​ឲ្យ​ប្រជាជន​របស់​គាត់​បដិសេធ​គាត់ និង​បៀត​បៀន​គាត់​យ៉ាង​អយុត្តិ​ធម៌​(១៥:១៧)។

ក្នុង​ចំណោម​យើង ប្រហែល​ជា​មាន​អ្នក​ខ្លះ ដែល​ធ្លាប់​ជួប​រឿង​ស្រដៀង​នេះ។ យើង​ធ្លាប់​អាន​ព្រះ​គម្ពីរ​ប៊ីប​ដោយអំណរ ប៉ុន្តែ​ អ្នក​ដទៃ​បាន​ធ្វើ​ទុក​បុក​ម្មេញ និង​បដិសេធ​យើង ដោយ​សារ​យើង​ស្តាប់​បង្គាប់​ព្រះ​អង្គ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ភ័ន្ត​ភាំង តែ​យើង​អាច​ថ្វាយ​អារម្មណ៍​ភ័ន្ត​ភាំង​នេះ​ដល់​ព្រះ​ជា​ម្ចាស់ តាម​គំរូលោក​យេរមា។ ព្រះ​អង្គ​បាន​ឆ្លើយ​តប​ចំពោះ​លោក​យេរេមា ដោយ​មាន​ព្រះ​បន្ទូល​សន្យា​ចំពោះ​គាត់​ឡើង​វិញ គឺ​ដូច​គ្រា​ដំបូង​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​គាត់​ឲ្យ​ធ្វើ​ជា​ហោរា(ខ.១៩-២១ និង មើល ១:១៨-១៩)។ ព្រះ​ជា​ម្ចាស់​បាន​រំឭក​គាត់​ថា ព្រះ​អង្គ​មិន​ដែល​បោះ​បង់​ចោល​រាស្រ្ត​របស់​ព្រះ​អង្គ​ឡើយ។ យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ដូច​នេះ​ផង​ដែរ។ ព្រះ​អង្គ​ស្មោះ​ត្រង់ ហើយ​ក៏​មិន​បោះ​បង់​ចោល​យើង​ឡើយ។​—Poh Fang Chia