មានពេលមួយ លោកចូ(Joe)បាន “ឈប់សម្រាក”ពីការងារ អស់រយៈពេល៨សប្តាហ៍ ក្នុងនាមជាអ្នកថែបំប៉នជនមានវិបត្តិ នៅព្រះវិហារមួយ ក្នុងទីក្រុងញូយ៉ក។ តែការឈប់សម្រាកនោះ មិនមែនជាពេលវិស្សមកាលរបស់គាត់ទេ។ គាត់ថា “ពេលនោះជាពេលដែលគាត់ត្រូវរស់នៅក្នុងចំណោមជនអនាថា និងក្លាយជាជនអនាថា ដូចពួកគេ ព្រមទំាងនឹកចាំពីអារម្មណ៍ នៅពេលដែលមានការអត់ឃ្លាន អស់កម្លាំង និងត្រូវគេបំភ្លេចចោល”។ ការងាររបស់លោកចូ នៅតាមចិញ្ចើមថ្នល់ បានចាប់ផ្តើមជាលើកទីមួយ កាលពី៩ឆ្នាំមុន គឺនៅពេលដែលគាត់បានចាកចេញពីទីក្រុងភីទស្បឺក ដោយគ្មានការងារ ឬកន្លែងស្នាក់នៅ។ គាត់បានរស់នៅតាមចិញ្ចើមថ្នល់ ដោយមានអាហារបន្តិចបន្តួច និងគេងមិនគ្រប់គ្រាន់។ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យគាត់ឆ្លងកាត់ការលំបាកទាំងអស់នេះ ដើម្បីរៀបចំខ្លួនគាត់ សម្រាប់ការងារបម្រើដល់ជនទុរគត អស់រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
កាលព្រះយេស៊ូវយាងចុះមកផែនដីនេះ ព្រះអង្គក៏បានសម្រេចព្រះទ័យឆ្លងកាត់ទុក្ខលំបាក ដូចមនុស្សដែលព្រះអង្គបានយាងមកសង្រ្គោះ។ គឺដូចមានសេចក្តីចែងថា “ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត”(ហេព្រើរ ២:១៤)។ ចាប់តាំងពីពេលព្រះអង្គប្រសូត្រដល់ពេលសុគត ព្រះអង្គបានឆ្លងកាត់ទុក្ខលំបាកគ្រប់យ៉ាង ដែលមនុស្សធ្លាប់ជួប តែព្រះអង្គមិនដែលធ្វើអំពើបាបឡើយ(៤:១៥)។ ដោយសារព្រះអង្គបានឈ្នះអំពើបាប នោះព្រះអង្គអាចជួយយើង ពេលណាយើងជួបការល្បួងឲ្យធ្វើអំពើបាប។
ហើយព្រះយេស៊ូវតែងតែស្គាល់ទុក្ខលំបាក ដែលយើងមាននៅលើផែនដី។ ព្រះដែលបានសង្រ្គោះយើង តែងតែគង់នៅជាប់ជាមួយយើង ហើយយកព្រះទ័យទុកដាក់ចំពោះយើងជានិច្ច។ ទោះជីវិតយើងជួបរឿងអ្វីក៏ដោយ យើងនៅតែអាចទុកចិត្តថា ព្រះដែលបានសង្រ្គោះយើង ឲ្យរួចពីអារក្ស ដែលជាខ្មំាងសត្រូវរបស់យើង(២:១៤) តែងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយយើង ក្នុងពេលដែលយើងត្រូវការជំនួយបំផុត។ —Arthur Jackson