មាន​ពេល​មួយ លោក​ចូ(Joe)បាន “​ឈប់សម្រាក”ពី​ការងារ អស់​រយៈ​ពេល​៨​សប្តាហ៍ ក្នុង​នាម​ជា​អ្នក​ថែ​បំប៉ន​ជន​មាន​វិបត្តិ នៅ​ព្រះ​វិហារ​មួយ ក្នុង​ទីក្រុង​ញូយ៉ក។ តែ​ការ​ឈប់​សម្រាក​នោះ មិន​មែន​ជា​ពេល​វិស្សម​កាល​របស់​គាត់​ទេ។ គាត់​ថា “ពេល​នោះ​ជា​ពេល​ដែល​គាត់​ត្រូវ​រស់​នៅ​ក្នុង​ចំណោម​ជន​អនាថា និង​ក្លាយ​ជា​ជន​អនាថា ដូច​ពួក​គេ ព្រម​ទំាង​​នឹក​ចាំ​ពី​អារម្មណ៍ នៅ​ពេល​ដែល​មាន​ការ​អត់​ឃ្លាន អស់​កម្លាំង និង​ត្រូវ​គេ​បំភ្លេច​ចោល”។ ការងារ​របស់​លោក​ចូ នៅ​តាម​ចិញ្ចើម​ថ្នល់ បាន​ចាប់​ផ្តើម​ជា​លើក​ទីមួយ កាល​ពី​៩​ឆ្នាំ​មុន ​គឺ​នៅ​ពេល​ដែល​គាត់​បាន​ចាក​ចេញ​ពី​ទីក្រុង​ភីទស្បឺក ដោយ​គ្មាន​ការងារ ឬ​កន្លែង​ស្នាក់​នៅ។ គាត់​បាន​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់ ដោយ​មាន​អាហារ​បន្តិច​បន្តួច និង​គេង​មិន​គ្រប់​គ្រាន់។ ព្រះ​ជា​ម្ចាស់​បាន​អនុញ្ញាត​ឲ្យ​គាត់​ឆ្លង​កាត់​ការ​លំបាក​ទាំង​អស់​នេះ ដើម្បី​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​ការងារ​បម្រើ​ដល់​ជន​ទុរ​គត អស់​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។​

កាល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​ផែន​ដី​នេះ​ ព្រះ​អង្គ​ក៏​បាន​សម្រេច​ព្រះ​ទ័យ​ឆ្លង​កាត់​ទុក្ខ​លំបាក ដូច​មនុស្ស​ដែល​ព្រះ​អង្គបាន​យាង​មក​សង្រ្គោះ​។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត”(ហេព្រើរ ២:១៤)។ ចាប់​តាំង​ពី​ពេល​ព្រះ​អង្គ​ប្រសូត្រ​ដល់​ពេល​សុគត ព្រះ​អង្គ​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​មនុស្ស​ធ្លាប់​ជួប តែ​ព្រះ​អង្គ​មិន​ដែល​ធ្វើ​អំពើ​បាប​ឡើយ​(៤:១៥)។ ដោយ​សារ​ព្រះ​អង្គ​បាន​ឈ្នះ​អំពើ​បាប នោះ​ព្រះ​អង្គ​អាច​ជួយ​យើង ពេល​ណា​យើង​ជួប​ការ​ល្បួង​ឲ្យ​ធ្វើ​អំពើ​បាប។​

ហើយ​ព្រះ​យេស៊ូវ​តែង​តែ​ស្គាល់​ទុក្ខ​លំបាក ដែល​យើង​មាន​នៅ​លើ​ផែនដី​។ ព្រះ​ដែល​បាន​សង្រ្គោះ​យើង តែង​តែ​គង់​នៅ​ជាប់​ជា​មួយ​យើង ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជា​និច្ច។ ទោះ​ជីវិត​យើង​ជួប​រឿង​អ្វី​ក៏​ដោយ យើង​នៅ​តែ​អាច​ទុក​ចិត្ត​ថា ព្រះ​ដែល​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​អារក្ស ដែល​ជា​ខ្មំាង​សត្រូវ​របស់​យើង​(២:១៤) តែង​តែ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ជួយ​យើង ក្នុង​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​បំផុត។ —Arthur Jackson