អ្នកស្រីដេប៊ី(Debbie) ជាម្ចាស់សេវាកម្មសម្អាតផ្ទះ ដែលតែងតែស្វែងរកអតិថិជនបន្ថែម ដើម្បីពង្រីកអាជីវកម្មរបស់គាត់។ មានពេលមួយ គាត់បាននិយាយតាមទូរស័ព្ទ ជាមួយស្រ្តីម្នាក់ ដែលកំពុងឆ្លងកាត់ការព្យាបាលជម្ងឺមហារីក ហើយក៏បានប្រាប់គាត់ថា នាងគ្មានលទ្ធភាពបង់ប្រាក់ឲ្យគាត់ទេ។ ភ្លាមៗនោះ អ្នកស្រីដេប៊ីក៏បានសម្រេចចិត្តថា គាត់នឹងផ្តល់សេវាកម្មសម្អាតផ្ទះដោយឥតគិតថ្លៃ ដល់ស្រ្តីទាំងឡាយណាដែលកំពុងឆ្លងកាត់ការព្យាបាលជម្ងឺមហារីក។ ដូចនេះ នៅឆ្នំា២០០៥ គាត់ក៏បានបង្កើតអង្គការមិនរកប្រាក់ចំណេញមួយ ដើម្បីផ្តល់សេវ៉ាកម្មសម្អាតផ្ទះ ដោយឥតគិតថ្លៃ ដល់ស្រ្តីដែលកំពុងស្ថិតក្នុងការព្យាបាលជម្ងឺមហារីក។ គាត់ក៏បានមានប្រសាសន៍ថា វាជាលើកទីមួយហើយ ដែលគាត់ពិតជាជឿថា គាត់អាចឈ្នះជម្ងឺមហារីក។
យើងមានកម្លាំងចិត្ត នៅក្នុងការប្រឈមមុខដាក់បញ្ហា ពេលណាយើងដឹងថា អ្នកដទៃយកចិត្តទុកដាក់ និងគំាទ្រយើង។ ការដឹងថា ព្រះជាម្ចាស់គង់នៅជាមួយយើង និងទ្រទ្រង់យើង អាចនាំឲ្យវិញ្ញាណយើងមានក្តីសង្ឃឹម។ បទគម្ពីរទំនុកដំកើង ជំពូក៤៦ ជាបទគម្ពីរដ៏ពេញនិយម សម្រាប់អ្នកដែលកំពុងឆ្លងកាត់ទុក្ខលំបាក ព្រោះបទគម្ពីរនេះបានរំឭកយើងថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន … ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ(ខ.១,១១)។
ការរំឭកខ្លួនយើង អំពីព្រះបន្ទូលសន្យា និងព្រះវត្តមានរបស់ព្រះ ដែលគង់នៅជាមួយយើង អាចជួយឲ្យចិត្តយើងមានកម្លាំងជាថ្មី ហើយនាំឲ្យយើងមានចិត្តក្លាហាន និងទំនុកចិត្ត នៅក្នុងការឆ្លងកាត់ពេលដ៏ពិបាក។ —Anne Cetas