អ្នក​ស្រី​ដេប៊ី(Debbie) ជា​ម្ចាស់​សេវា​កម្ម​សម្អាត​ផ្ទះ ដែល​តែង​តែ​ស្វែង​រក​អតិថិ​ជន​បន្ថែម ដើម្បី​ពង្រីក​អាជីវ​កម្ម​របស់​គាត់។ មាន​ពេល​មួយ គាត់​បាន​និយាយ​តាម​ទូរស័ព្ទ ជា​មួយ​ស្រ្តី​ម្នាក់ ដែល​កំពុង​ឆ្លង​កាត់​ការ​ព្យាបាល​ជម្ងឺ​មហា​រីក ហើយ​ក៏​បាន​ប្រាប់​គាត់​ថា នាង​គ្មាន​លទ្ធ​ភាព​បង់​ប្រាក់​ឲ្យ​គាត់​ទេ។ ភ្លាម​ៗ​នោះ អ្នក​ស្រី​ដេប៊ីក៏​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​ផ្តល់​សេវាកម្ម​សម្អាត​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ ដល់​ស្រ្តី​ទាំង​ឡាយ​ណា​ដែល​កំពុង​ឆ្លង​កាត់​ការ​ព្យាបាល​ជម្ងឺ​មហារីក​។ ដូច​នេះ នៅ​ឆ្នំា​២០០៥ គាត់​ក៏​បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ ដើម្បី​ផ្តល់​សេវ៉ា​កម្ម​សម្អាត​ផ្ទះ ដោយ​ឥត​គិត​ថ្លៃ ដល់​ស្រ្តី​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ជម្ងឺ​មហារីក។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា វា​ជា​លើក​ទីមួយ​ហើយ ដែល​គាត់​ពិត​ជា​ជឿ​ថា គាត់​អាច​ឈ្នះ​ជម្ងឺ​មហារីក។​

យើង​មាន​កម្លាំង​ចិត្ត នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា ពេល​ណា​យើង​ដឹង​ថា អ្នក​ដទៃ​យក​ចិត្ត​ទុក​ដាក់ និង​គំាទ្រ​យើង​។ ការ​ដឹង​ថា ព្រះ​ជា​ម្ចាស់​គង់​នៅ​ជា​មួយ​យើង និង​ទ្រទ្រង់​យើង អាច​នាំ​ឲ្យ​វិញ្ញាណ​យើង​មាន​ក្តី​សង្ឃឹម។ បទគម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ ជា​បទ​គម្ពីរ​ដ៏​ពេញ​និយម សម្រាប់​អ្នក​ដែល​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក ព្រោះ​បទ​គម្ពីរ​នេះ​បាន​រំឭក​យើង​ថា “ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន … ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ(ខ.១,១១)។

ការ​រំឭក​ខ្លួន​យើង អំពី​ព្រះ​បន្ទូល​សន្យា និង​ព្រះ​វត្ត​មាន​របស់​ព្រះ ដែល​គង់​នៅ​ជា​មួយ​យើង អាច​ជួយ​ឲ្យ​ចិត្ត​យើង​មាន​កម្លាំង​ជា​ថ្មី ហើយ​នាំ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​ទំនុក​ចិត្ត នៅ​ក្នុង​ការ​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។ —Anne Cetas