នៅពេលថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៣៨ លោកឆាល ភាស(Charles Pierce) ដែលជាអ្នកព្យាករណ៍ឧត្តុនិយម បានដាស់តឿនមន្ទីរឧត្តុនិយមរបស់សហរដ្ឋអាមេរិក អំពីខ្យល់ព្យុះសង្ឃរាមួយ កំពុងតែបោះពួយទៅទិសខាងជើង ឆ្ពោះទៅរករដ្ឋញូអ៊ីងគ្លិន។ ប៉ុន្តែ ប្រធានមន្ទីរឧត្តុនិយមបានសើចចម្អកឲ្យការព្យាករណ៍របស់គាត់ ដោយហេតុផលថា ខ្យល់ព្យុះតំបន់ត្រូពិច មិនអាចបក់មកទិសខាងជើង បានចម្ងាយឆ្ងាយយ៉ាងនេះឡើយ។
ពីរម៉ោងក្រោយមក ខ្យល់ព្យុះសង្ឃរារដ្ឋញូអ៊ីងគ្លិននៅឆ្នាំ១៩៣៨ បានបក់មកដល់កោះឡងអាយលិន។ នៅម៉ោង៤រសៀល វាក៏បានមកដល់រដ្ឋញូអ៊ីងគ្លិន ដោយគ្រវែងនាវាទៅលើគោក ខណៈពេលដែលផ្ទះជាច្រើនខ្នងធ្លាក់ចូលទៅក្នុងសមុទ្រ។ មនុស្សជាង៦រយនាក់បានបាត់បង់ជីវិត។ ជនរងគ្រោះទាំងនោះទំនងជាអាចរួចជីវិត ក្នុងគ្រោះមហន្តរាយនេះ បើសិនជាមន្ទីរឧត្តុនិយមបានប្រកាស់ ឲ្យពួកគេដឹងអំពីការព្យាករណ៍របស់លោកភាស ដែលបានផ្អែកទៅលើទិន្នន័យដ៏ច្បាស់លាស់ និងផែនទីលម្អិត។
ព្រះគម្ពីរក៏បានចែងអំពីភាពចាំបាច់នៃការស្តាប់តាមការដាស់តឿន ឬការព្រមានផងដែរ។ នៅសម័យដែលលោកយេរេមារស់នៅ ព្រះជាម្ចាស់បានដាស់តឿនរាស្រ្តរបស់ព្រះអង្គ ប្រឆាំងនឹងពួកហោរាក្លែងក្លាយ។ ព្រះអង្គបានប្រាប់ពួកគេថា “កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលគេទាយប្រាប់ឯងរាល់គ្នាឲ្យសោះ គេនាំឯងរាល់គ្នាឲ្យវង្វេងទេ គេសំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្តីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ”(យេរេមា ២៣:១៦)។ ហើយព្រះអង្គក៏បានមានបន្ទូលទៀតថា “បើគេបានគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់អញ នោះគេនឹងបានប្រាប់ឲ្យរាស្ត្រអញស្តាប់ពាក្យរបស់អញហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ និងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួនផង”(ខ.២២)។
នៅសម័យនេះ ក៏សម្បូរ “ហោរាក្លែងក្លាយ”ផងដែរ។ ពួកគេជា “អ្នកជំនាញ” ខាងបង្រៀន ឬថ្លែងព្រះបន្ទូល ដោយមិនបានអើពើរចំពោះព្រះជាម្ចាស់ ឬកាច់មួលព្រះបន្ទូលព្រះអង្គ ដើម្បីបំពេញបំណងខ្លួនឯង។ ប៉ុន្តែ ព្រះអង្គបាន ប្រទានព្រះបន្ទូល និងព្រះវិញ្ញាណព្រះអង្គ ដែលយើងត្រូវការ ដើម្បីឲ្យដឹងថា អ្វីពិត អ្វីមិនពិត។ កាលណាយើងពិនិត្យមើលការបង្រៀននីមួយៗ ដោយផ្អែកទៅលើព្រះបន្ទូលព្រះអង្គ ពាក្យសម្តី និងការរស់នៅរបស់យើងនឹងកាន់តែឆ្លុះបញ្ចាំងឲ្យគេឃើញ សេចក្តីពិតនោះ។ —Tim Gustafson