នៅ​ពេល​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៣៨ លោក​ឆាល ភាស(Charles Pierce) ដែល​ជា​អ្នក​ព្យាករណ៍​ឧត្តុនិយម បាន​ដាស់​តឿន​មន្ទីរ​ឧត្តុនិយម​របស់​សហ​រដ្ឋ​អាមេរិក អំពី​ខ្យល់​ព្យុះ​សង្ឃរា​មួយ កំពុង​តែ​បោះ​ពួយ​ទៅ​ទិស​ខាង​ជើង ឆ្ពោះ​ទៅ​រក​រដ្ឋ​ញូអ៊ីងគ្លិន។ ប៉ុន្តែ ប្រធាន​មន្ទីរ​ឧត្តុ​និយម​បាន​សើច​ចម្អក​ឲ្យ​ការ​ព្យាករណ៍​របស់​គាត់ ដោយហេតុ​ផល​ថា ខ្យល់​ព្យុះ​តំបន់​ត្រូពិច មិន​អាច​បក់​មក​ទិស​ខាង​ជើង បាន​ចម្ងាយ​ឆ្ងាយ​យ៉ាង​នេះ​ឡើយ។

ពីរ​ម៉ោង​ក្រោយ​មក ខ្យល់​ព្យុះ​សង្ឃរា​រដ្ឋញូអ៊ីងគ្លិន​នៅ​ឆ្នាំ​១៩៣៨ បាន​បក់​មក​ដល់​កោះ​ឡងអាយលិន។ នៅ​ម៉ោង​៤រសៀល វា​ក៏​បាន​មក​ដល់​រដ្ឋ​ញូអ៊ីងគ្លិន ដោយ​គ្រវែង​នាវា​ទៅ​លើ​គោក ខណៈ​ពេល​ដែល​ផ្ទះ​ជា​ច្រើន​ខ្នង​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។ មនុស្ស​ជាង​៦​រយ​នាក់​បាន​បាត់​បង់​ជីវិត។ ជន​រង​គ្រោះ​ទាំង​នោះ​ទំនង​ជា​អាច​រួច​ជីវិត ក្នុង​គ្រោះ​មហន្ត​រាយ​នេះ បើ​សិន​ជា​មន្ទីរ​ឧត្តុនិយម​បាន​ប្រកាស់ ឲ្យ​ពួក​គេ​ដឹង​អំពី​ការ​ព្យាករណ៍​របស់​លោក​ភាស ដែល​បាន​ផ្អែក​ទៅ​លើទិន្ន​ន័យ​ដ៏​ច្បាស់​លាស់ និង​ផែនទី​លម្អិត។​

ព្រះគម្ពីរ​ក៏​បាន​ចែង​អំពី​ភាព​ចាំ​បាច់​នៃ​ការ​ស្តាប់​តាម​ការ​ដាស់​តឿន ឬ​ការ​ព្រ​មាន​ផង​ដែរ។ នៅ​សម័យ​ដែល​លោក​យេរេមា​រស់​នៅ ព្រះ​ជា​ម្ចាស់បាន​ដាស់​តឿន​រាស្រ្ត​របស់​ព្រះ​អង្គ ប្រឆាំង​នឹង​ពួក​ហោរា​ក្លែង​ក្លាយ។ ព្រះ​អង្គ​បាន​ប្រាប់ពួក​គេ​ថា “កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​ឯង​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សំដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​ខ្លួន​គេ មិន​មែន​ជា​សេចក្តី​ដែល​ចេញ​ពី​ព្រះឱស្ឋ នៃ​ព្រះយេហូវ៉ា​ឡើយ”(យេរេមា ២៣:១៦)។  ហើយ​ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “​បើ​គេ​បាន​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​អញ នោះ​គេ​នឹង​បាន​ប្រាប់​ឲ្យ​រាស្ត្រ​អញ​ស្តាប់​ពាក្យ​របស់​អញ​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន​ផង”(ខ.២២)។

នៅ​សម័យ​នេះ​ ក៏​សម្បូរ “ហោរា​ក្លែង​ក្លាយ”ផង​ដែរ។ ពួក​គេ​ជា “អ្នក​ជំនាញ” ខាង​បង្រៀន ឬ​ថ្លែង​ព្រះ​បន្ទូល ដោយ​មិន​បាន​អើពើរ​ចំពោះ​ព្រះ​ជា​ម្ចាស់ ឬ​កាច់​មួល​ព្រះ​បន្ទូល​ព្រះ​អង្គ ដើម្បី​បំពេញ​បំណង​ខ្លួន​ឯង។ ប៉ុន្តែ ព្រះ​អង្គ​បាន ​ប្រទាន​ព្រះ​បន្ទូល និង​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ដែល​យើង​ត្រូវ​ការ ដើម្បី​ឲ្យ​ដឹង​ថា អ្វី​ពិត អ្វី​មិន​ពិត។ កាល​ណា​យើង​ពិនិត្យ​មើល​ការ​បង្រៀន​នីមួយ​ៗ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​ព្រះ​អង្គ ពាក្យ​សម្តី និង​ការ​រស់​នៅ​របស់​យើង​នឹង​កាន់​តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ សេចក្តី​ពិត​នោះ​។ —Tim Gustafson