តើបដិវត្តន៍ផ្ទុះឡើងដោយសាអ្វី? តើដោយសារកាំភ្លើង គ្រាប់បែក ឬការធ្វើសង្រ្គាមវាយឆ្មក់? នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ នៅប្រទេសអេស្តូនា គេបានប្រើបទចម្រៀង ដើម្បីបញ្ឆេះឲ្យបដិវត្តន៍មួយផ្ទុះឡើង។ បន្ទាប់ពីប្រជាជននៅប្រទេសនេះបានរស់នៅក្រោមការគៀបសង្កត់របស់សហភាពសូវៀតអស់ជាច្រើនទសវត្សរ៍ ចលនាមួយចាប់ផ្តើមឡើង ដោយការច្រៀងចម្រៀងស្នេហាជាតិ ដែលមានបទជាបន្តបន្ទាប់។ បទចម្រៀងទាំងនេះបានធ្វើឲ្យ “បដិវត្តន៍បទចម្រៀង” ចាប់កំណើតឡើង ដោយមានតួនាទីដ៏សំខាន់ នៅក្នុងការធ្វើឲ្យប្រទេសអេស្តូនាមានឯករាជ្យឡើងវិញ នៅឆ្នាំ១៩៩១។
មានវេបសាយមួយបានពិពណ៌នា អំពីចលនានេះថា “វាជាចលនាបដិវត្តន៍អហឹង្សា ដែលបានផ្តួលរំលំការគ្រប់គ្រងមួយ ដែលមានពេញដោយហឹង្សា។ ប៉ុន្តែ ការច្រៀងបទម្រៀង តែងតែបានធ្វើជាកម្លាំងសាមគ្គីដ៏សំខាន់មួយ សម្រាប់ជនជាតិអេស្តូនា ខណៈពេលដែលពួកគេបានស៊ូទ្រាំនឹងការគ្រប់គ្រងរបស់សហភាពសូវៀតអស់រយៈពេល៥០ឆ្នាំ”។
តន្រ្តីក៏អាចមានតួនាទីដ៏សំខាន់ នៅក្នុងការជួយយើង ឲ្យអាចឆ្លងកាត់ពេលដ៏ពិបាក។ ប្រហែលមកពីហេតុនេះហើយ បានជាបទគម្ពីរទំនុកដំកើងបានប៉ះពាល់ចិត្តយើងម្តងហើយម្តងទៀត។ មានពេលមួយ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងកំពុងតែស្ថិតក្នុងពេលដ៏ខ្មៅងងឹត បានជាគាត់បន្លឺសម្លេងច្រៀងឡើងថា “ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្តីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ”(ទំនុកដំកើង ៤២:៥)។ ពេលដែលលោកអេសាភដែលជាអ្នកដឹកនាំកម្មវិធីថ្វាយបង្គំ ស្ថិតក្នុងរដូវកាលនៃការខកចិត្តយ៉ាងខ្លាំង គាត់ក៏បានរំឭកខ្លួនឯងថា “ប្រាកដមែន ព្រះទ្រង់ប្រព្រឹត្តល្អ ដល់សាសន៍អ៊ីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តត្រចះ”(៧៣:១)។
ស្ថិតក្នុងពេលដ៏ពិបាក សូមយើងចូលរួមជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើង នៅក្នុងការច្រៀងចម្រៀងចេញពីចិត្តយើង ដែលនាំឲ្យមានការផ្លាស់ប្តូរ។ បទចម្រៀងនៃការផ្លាស់ប្តូរនេះ អាចជម្នះភាពអស់សង្ឃឹម និងការភាន់ភាំង ដោយជំនឿ លើសេចក្តីស្រឡាញ់ និងភាពស្មោះត្រង់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ —Bill Crowder