តើ​បដិវត្តន៍​ផ្ទុះ​ឡើង​ដោយ​សា​អ្វី? តើ​ដោយ​សារ​កាំ​ភ្លើង គ្រាប់​បែក ឬ​ការ​ធ្វើ​សង្រ្គាម​វាយ​ឆ្មក់?  នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅ​ប្រទេស​អេស្តូនា គេ​បាន​ប្រើ​បទ​ចម្រៀង ដើម្បី​បញ្ឆេះ​ឲ្យ​បដិវត្តន៍​មួយ​ផ្ទុះ​ឡើង។ បន្ទាប់​ពី​ប្រជាជន​នៅ​ប្រទេស​នេះ​បាន​រស់​នៅ​ក្រោម​ការ​គៀប​សង្កត់​របស់​សហភាព​សូវៀត​អស់​ជា​ច្រើន​ទសវត្សរ៍ ចលនា​មួយ​ចាប់​ផ្តើម​ឡើង ដោយ​ការ​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ​ ដែល​មាន​បទ​ជា​បន្ត​បន្ទាប់។ បទ​ចម្រៀង​ទាំង​នេះ​បាន​ធ្វើ​ឲ្យ “បដិវត្តន៍បទ​ចម្រៀង” ចាប់​កំណើត​ឡើង ដោយ​មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​អេស្តូនា​មាន​ឯករាជ្យ​ឡើង​វិញ នៅ​ឆ្នាំ​១៩៩១។

មាន​វេប​សាយ​មួយ​បាន​ពិពណ៌​នា អំពី​ចលនា​នេះ​ថា “វា​ជា​ចលនា​បដិវត្តន៍​អហឹង្សា ដែល​បាន​ផ្តួល​រំលំ​ការ​គ្រប់​គ្រង​មួយ ដែល​មាន​ពេញ​ដោយ​ហឹង្សា។ ប៉ុន្តែ ការ​ច្រៀង​បទ​ម្រៀង តែង​តែ​បាន​ធ្វើ​ជា​កម្លាំង​សាមគ្គី​ដ៏​សំខាន់​មួយ សម្រាប់​ជន​ជាតិ​អេស្តូនា ខណៈ​ពេល​ដែល​ពួក​គេ​បាន​ស៊ូទ្រាំ​នឹង​ការ​គ្រប់​គ្រង​របស់​សហភាព​សូវៀត​អស់​រយៈ​ពេល​៥០​ឆ្នាំ”។

តន្រ្តី​ក៏​អាច​មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​ជួយ​យើង ឲ្យ​អាច​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ប៉ះ​ពាល់​ចិត្ត​យើង​ម្តង​ហើយ​ម្តង​ទៀត។ មាន​ពេល​មួយ​ អ្នក​និពន្ធ​បទ​គម្ពីរទំនុក​ដំកើង​កំពុង​តែ​ស្ថិត​ក្នុង​ពេល​ដ៏​ខ្មៅ​ងងឹត បាន​ជា​គាត់​បន្លឺ​សម្លេង​ច្រៀង​ឡើង​ថា “ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វីបាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្តី​រសាប់​រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បានសរសើរ ដល់​ទ្រង់​ទៀត ដោយ​ព្រោះ​ព្រះ​ភក្ត្រ​ទ្រង់​ដែល​តែង​តែ​ជួយ”(ទំនុក​ដំកើង ៤២:៥)។ ពេល​ដែល​លោក​អេសាភ​ដែល​ជា​អ្នក​ដឹក​នាំ​កម្ម​វិធី​ថ្វាយ​បង្គំ ស្ថិត​ក្នុង​រដូវ​កាល​នៃ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង គាត់​ក៏​បាន​រំឭក​ខ្លួន​ឯង​ថា “ប្រាកដ​មែន ព្រះ​ទ្រង់​ប្រព្រឹត្ត​ល្អ ដល់​សាសន៍​អ៊ីស្រាអែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ”(៧៣:១)។

ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក សូម​យើង​ចូល​រួម​ជា​មួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ​នៅ​ក្នុង​ការ​ច្រៀង​ចម្រៀង​ចេញ​ពី​ចិត្តយើង ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ បទ​ចម្រៀង​នៃ​ការ​ផ្លាស់​ប្តូរ​នេះ អាច​ជម្នះ​ភាព​អស់​សង្ឃឹម និង​ការ​ភាន់​ភាំង ដោយ​ជំនឿ លើ​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់។ —Bill Crowder