នៅ​ថ្ងៃ​មួយ មាន​ស្រ្តី​ម្នាក់​កំពុង​តែ​អង្គុយ​ជា​មួយ​កូន​ស្រី​តូច​របស់​ខ្លួន នៅ​ក្នុង​ព្រះ​វិហារ។ ក្នុង​អំឡុង​ពេល​កម្ម​វិធី​ថ្វាយ​បង្គំ គេ​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដែល​មក​ចូល​រួម ទទួល​ការ​អត់​ទោស​បាប​ពី​ព្រះ ដោយ​បើក​ចំហរ។ ឲ្យ​តែ​មាន​នរណា​ម្នាក់​ដើរ​ទៅ​ខាង​មុខ ដើម្បី​ទទួល​ការ​អត់​ទោស​បាប ក្មេង​ស្រី​តូច​ម្នាក់​នេះ ក៏​បាន​ទះ​ដៃ​អប​អរ។ ក្រោយ​មក ស្រ្តី​ជា​ម្តាយ​ក៏​បាន​ប្រាប់​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ថា “ខ្ញុំ​សូម​ទោស​លោក​គ្រូ។ ខ្ញុំ​បាន​ពន្យល់​កូន​ស្រី​ខ្ញុំ​ថា ការ​ប្រែ​ចិត្ត​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មិត្ត​ភក្តិ​របស់​ព្រះ​ជា​ម្ចាស់​ឡើង​វិញ ហើយ​នាង​គ្រាន់​តែ​ចង់​អប​អរ​អ្នក​ណា​ដែល​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប”។​

ស្រ្តី​ជា​ម្តាយ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ពន្យល់​ដ៏​ល្អ អំពី​ដំណឹង​ល្អ ដែល​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​នេះ​ងាយ​ស្រួល​យល់។ កាល​ពី​មុន យើង​ជា​សត្រូវ​របស់​ព្រះ​ជា​ម្ចាស់ តែ​យើង​បាន​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​ព្រះ​អង្គ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​(រ៉ូម ៥:៩-១០)។ ឥឡូវ​នេះ យើង​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​ជា​ម្ចាស់ យ៉ាង​ពិត​ប្រា​កដ។ អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​ដាច់​ចេញ​ពី​ព្រះ​(ខ.៨) តែ​ការ​ប្រែ​ចិត្ត ជា​ការ​រួម​ចំណែក​របស់​យើង នៅ​ក្នុង​ការ​ផ្សៈ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ​ឡើង​វិញ។ ហើយ​ការ​ឆ្លើយ​តប​របស់​ក្មេង​ស្រី​តូច​នេះ គឺ​ពិត​ជា​សម​រម្យ​ណាស់។ ពួក​ទេវតា​ក៏​ទះដៃ​សាទរ​ផង​ដែរ ពេល​ដែល​មនុស្ស​ម្នាក់​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​(លូកា ១៥:១០) ដូច​នេះ នាង​កំពុង​តែ​ចូល​រួមនៅ​ក្នុង​ការ​អប​អរ​សាទរ​របស់​ពួក​គេ ដោយ​មិន​ដឹង​ខ្លួន។​

ព្រះ​យេស៊ូវ​បាន​ពិពណ៌នា អំពី​ព្រះ​រាជ​កិច្ច​នៃ​ការ​ផ្សះផ្សា​របស់​ព្រះ​អង្គ តាម​របៀប​ស្រដៀង​នេះ​ផង​ដែរ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ដោយ​សារ​ការ​លះ​បង់​ព្រះ​ជន្ម​របស់​ព្រះ​អង្គ សម្រាប់​យើង​រាល់​គ្នា ឥឡូវ​នេះ​ យើង​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​ក៏​មាន​បន្ទូល​ទៀត​ថា “ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ”(១៥:១៥)។

កាល​ពី​មុន​យើង​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ តែ​ឥឡូវ​នេះ យើង​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​អង្គ បន្ទាប់​ពី​យើង​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​អង្គ។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​សម​នឹង​ឲ្យ​យើង​ទះ​ដៃ​អប​អរ​សាទរ។—Sheridan Voysey