នៅថ្ងៃមួយ មានស្រ្តីម្នាក់កំពុងតែអង្គុយជាមួយកូនស្រីតូចរបស់ខ្លួន នៅក្នុងព្រះវិហារ។ ក្នុងអំឡុងពេលកម្មវិធីថ្វាយបង្គំ គេបានផ្តល់ឱកាសឲ្យអ្នកដែលមកចូលរួម ទទួលការអត់ទោសបាបពីព្រះ ដោយបើកចំហរ។ ឲ្យតែមាននរណាម្នាក់ដើរទៅខាងមុខ ដើម្បីទទួលការអត់ទោសបាប ក្មេងស្រីតូចម្នាក់នេះ ក៏បានទះដៃអបអរ។ ក្រោយមក ស្រ្តីជាម្តាយក៏បានប្រាប់អ្នកដឹកនាំពួកជំនុំថា “ខ្ញុំសូមទោសលោកគ្រូ។ ខ្ញុំបានពន្យល់កូនស្រីខ្ញុំថា ការប្រែចិត្តធ្វើឲ្យយើងក្លាយជាមិត្តភក្តិរបស់ព្រះជាម្ចាស់ឡើងវិញ ហើយនាងគ្រាន់តែចង់អបអរអ្នកណាដែលប្រែចិត្តចេញពីអំពើបាប”។
ស្រ្តីជាម្តាយបានផ្តល់ឲ្យនូវការពន្យល់ដ៏ល្អ អំពីដំណឹងល្អ ដែលធ្វើឲ្យក្មេងម្នាក់នេះងាយស្រួលយល់។ កាលពីមុន យើងជាសត្រូវរបស់ព្រះជាម្ចាស់ តែយើងបានផ្សះផ្សាឲ្យជានឹងព្រះអង្គ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ(រ៉ូម ៥:៩-១០)។ ឥឡូវនេះ យើងជាមិត្តសំឡាញ់របស់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដ។ អំពើបាបបានធ្វើឲ្យយើងដាច់ចេញពីព្រះ(ខ.៨) តែការប្រែចិត្ត ជាការរួមចំណែករបស់យើង នៅក្នុងការផ្សៈផ្សាទំនាក់ទំនងជាមួយព្រះអង្គឡើងវិញ។ ហើយការឆ្លើយតបរបស់ក្មេងស្រីតូចនេះ គឺពិតជាសមរម្យណាស់។ ពួកទេវតាក៏ទះដៃសាទរផងដែរ ពេលដែលមនុស្សម្នាក់បានប្រែចិត្តទទួលជឿព្រះ(លូកា ១៥:១០) ដូចនេះ នាងកំពុងតែចូលរួមនៅក្នុងការអបអរសាទររបស់ពួកគេ ដោយមិនដឹងខ្លួន។
ព្រះយេស៊ូវបានពិពណ៌នា អំពីព្រះរាជកិច្ចនៃការផ្សះផ្សារបស់ព្រះអង្គ តាមរបៀបស្រដៀងនេះផងដែរ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ ដោយសារការលះបង់ព្រះជន្មរបស់ព្រះអង្គ សម្រាប់យើងរាល់គ្នា ឥឡូវនេះ យើងអាចធ្វើជាមិត្តសំឡាញ់របស់ព្រះអង្គ។ ព្រះអង្គក៏មានបន្ទូលទៀតថា “ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ”(១៥:១៥)។
កាលពីមុនយើងជាខ្មាំងសត្រូវរបស់ព្រះ តែឥឡូវនេះ យើងជាមិត្តសំឡាញ់របស់ព្រះអង្គ បន្ទាប់ពីយើងបានប្រែចិត្តទទួលជឿព្រះអង្គ។ រឿងនេះពិតជាអស្ចារ្យណាស់ ដែលសមនឹងឲ្យយើងទះដៃអបអរសាទរ។—Sheridan Voysey