ថ្ងៃមួយ នៅម៉ោង២យប់ អ្នកស្រីណាឌា(Nadia) ដែលជាអ្នកនេសាទឈ្លើងសមុទ្រ ដើរចូលទៅក្នុងឡូនេសាទមួយ ដែលព័ទ្ធជុំវិញ ដោយខ្សែពួរ នៅកន្លែងទឹករាក់ក្នុងសមុទ្រ នៅក្បែរភូមិរបស់នាង នៅប្រទេសម៉ាដាកាស្កា ដើម្បីប្រមូល “ផល” នេសាទរបស់នាង។ ការឆាប់ក្រោកពីដំណេកយ៉ាងនេះ គឺមិនពិបាកសម្រាប់នាងទេ។ នាងថា ការរស់នៅរបស់នាង មានការពិបាកយ៉ាងខ្លាំង មុនពេលនាងចាប់ផ្តើមការនេសាទប្រភេទនេះ។ កាលនោះ នាងមិនមានប្រភពនៃប្រាក់ចំណូលទាល់តែសោះ។ តែពេលនេះ ក្នុងនាមជាសមាជិកនៃកម្មវិធីការពារសត្វសមុទ្រ ដែលមានឈ្មោះថា វេឡុនដ្រេក(Velondriake ដែលមានន័យថា “ការរស់នៅជាមួយសមុទ្រ”) នាងបានសង្កេតឃើញថា ប្រាក់ចំណូលរបស់នាងមានការកើនឡើង និងមានភាពនឹងនរ។ នាងបាននិយាយបន្ថែមទៀតថា “យើងអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រទានគម្រោងមួយនេះ”។
វាជាការត្រឹមត្រូវណាស់ ដែលនាងបានអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានផ្គត់ផ្គង់តម្រូវការនៃគម្រោងរបស់ពួកគេមួយផ្នែកធំ តាមរយៈសត្វនិងរុក្ខជាតិក្នុងសមុទ្រដែលជាស្នាព្រះហស្តរបស់ព្រះអង្គ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងក៏បានសរសើរដំកើងព្រះដ៏ផ្គត់ផ្គង់ផងដែរថា “ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក… នុ៎ះន៍ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ”(ទំនុកដំកើង ១០៤:១៤,២៥)។
វាពិតជាអស្ចារ្យណាស់ ដែលស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ក៏បានផ្គត់ផ្គង់តម្រូវការយើងផងដែរ។ ឧទាហរណ៍ សត្វឈ្លើងសមុទ្រដ៏តូចទៀប បានជួយឲ្យជីវចម្រុះក្នុងសមុទ្រ មានច្រវាក់នៃចំណីអាហារដែលមានផាសុខភាព។ ការប្រមូលផលឈ្លើងសមុទ្រយ៉ាងប្រុងប្រយ័ត្ន ក៏បាននាំឲ្យអ្នកស្រីណាឌា និងអ្នកជិតខាងរបស់នាង មានប្រាក់ចំណូលសមរម្យ។
នៅក្នុងស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺគ្មានអ្វីដែលបានកើតឡើងដោយចៃដន្យឡើយ។ ព្រះអង្គបានប្រើវា ដើម្បីសិរីល្អរបស់ព្រះអង្គ និងដើម្បីប្រយោជន៍យើង។ ហេតុនេះហើយ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានបន្លឺសម្លេងថា “កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប”(ខ.៣៣)។ យើងក៏អាចសរសើរដំកើងព្រះអង្គនៅថ្ងៃនេះផងដែរ ខណៈពេលដែលយើងជញ្ជឹងគិត អំពីអ្វីៗទាំងអស់ដែលព្រះអង្គបានប្រទាន។—Patricia Raybon