ថ្ងៃ​មួយ នៅ​ម៉ោង​២​យប់ អ្នក​ស្រី​ណាឌា(Nadia) ដែល​ជា​អ្នក​នេសាទ​ឈ្លើង​សមុទ្រ ដើរ​ចូល​ទៅ​ក្នុង​ឡូ​នេសាទ​មួយ ដែល​ព័ទ្ធ​ជុំវិញ ដោយ​ខ្សែ​ពួរ នៅ​កន្លែង​ទឹក​រាក់​ក្នុង​សមុទ្រ នៅ​ក្បែរ​ភូមិ​របស់​នាង នៅ​ប្រទេស​ម៉ាដា​កាស្កា ដើម្បី​ប្រមូល “ផល” នេសាទ​របស់​នាង។ ការ​ឆាប់​ក្រោក​ពី​ដំណេក​យ៉ាង​នេះ គឺ​មិន​ពិបាក​សម្រាប់​នាង​ទេ។ នាង​ថា ការ​រស់​នៅ​របស់​នាង មាន​ការ​ពិបាក​យ៉ាង​ខ្លាំង មុន​ពេល​នាង​ចាប់​ផ្តើម​ការ​នេសាទ​ប្រភេទ​នេះ។ កាល​នោះ នាង​មិន​មាន​ប្រភព​នៃ​ប្រាក់​ចំណូល​ទាល់​តែ​សោះ។ តែ​ពេល​នេះ ក្នុង​នាម​ជា​សមាជិក​នៃ​កម្ម​វិធី​ការពារ​សត្វ​សមុទ្រ ដែលមាន​ឈ្មោះ​ថា វេឡុនដ្រេក(Velondriake ដែល​មាន​ន័យ​ថា “ការ​រស់​នៅ​ជា​មួយ​សមុទ្រ”) នាង​បាន​សង្កេត​ឃើញ​ថា​ ប្រាក់​ចំណូល​របស់​នាង​មាន​ការ​កើន​ឡើង និង​មាន​ភាព​នឹង​នរ។ នាង​បាន​និយាយ​បន្ថែម​ទៀត​ថា “យើង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដែល​បាន​ប្រទាន​គម្រោង​មួយ​នេះ”។

វា​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​នាង​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ព្រោះ​ព្រះ​អង្គ​បាន​ផ្គត់​ផ្គង់​តម្រូវ​ការ​នៃ​គម្រោង​របស់​ពួកគេ​មួយ​ផ្នែក​ធំ តាម​រយៈ​សត្វ​និង​រុក្ខ​ជាតិ​ក្នុង​សមុទ្រ​ដែល​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ។​  អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​បាន​សរសើរ​ដំកើង​ព្រះ​ដ៏​ផ្គត់​ផ្គង់​ផង​ដែរ​ថា “ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ ហើយ​បន្លែ​សំរាប់​មនុស្ស ដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក… នុ៎ះ​ន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ”(ទំនុកដំកើង ១០៤:១៤,២៥)។

វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ក៏​បាន​ផ្គត់​ផ្គង់​តម្រូវ​ការ​យើង​ផង​ដែរ។ ឧទាហរណ៍ សត្វ​ឈ្លើង​សមុទ្រ​ដ៏​តូច​ទៀប បាន​ជួយ​ឲ្យ​ជីវ​ចម្រុះ​ក្នុង​សមុទ្រ មាន​ច្រវាក់​នៃ​ចំណី​អាហារ​ដែល​មាន​ផាសុខ​ភាព​។ ការ​ប្រមូល​ផល​ឈ្លើង​សមុទ្រ​យ៉ាង​ប្រុង​ប្រយ័ត្ន ក៏​បាន​នាំ​ឲ្យ​អ្នក​ស្រីណាឌា និង​អ្នក​ជិត​ខាង​របស់​នាង មាន​ប្រាក់​ចំណូល​សម​រម្យ។​

នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ​គឺ​គ្មាន​អ្វី​ដែល​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ។ ព្រះ​អង្គ​បាន​ប្រើ​វា ដើម្បី​សិរីល្អ​របស់​ព្រះ​អង្គ និង​ដើម្បី​ប្រយោជន៍​យើង។ ហេតុ​នេះ​ហើយ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បន្លឺ​សម្លេង​ថា “កាល​នៅ​មាន​ជីវិត​នៅ​ឡើយ នោះ​ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា​ជា​ដរាប”(ខ.៣៣)។ យើង​ក៏​អាច​សរសើរ​ដំកើង​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​យើង​ជញ្ជឹង​គិត អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​អង្គ​បាន​ប្រទាន។​—Patricia Raybon