មាន​ពេល​មួយ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គេ​យក​បាល់​មួយ​មក​ចោល នៅ​កន្លែង​ចត​ឡាន?  ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ជិត​វា ខ្ញុំ​ក៏​បាន​ដឹង​ថា វត្ថុ​មូល​ៗ​ពណ៌​ប្រផេះ​នោះ មិន​មែន​ជា​បាល់​ទេ។ តាម​ពិត វា​ជា​សត្វក្ងាន​ព្រៃ កាណាដា កំសត់​បំផុត ដែល​ខ្ញុំ​ធ្លាប់​ឃើញ។​

ជា​ញឹក​ញាប់ សត្វ​ក្ងាន​ព្រៃ​ច្រើន​តែ​មក​ជួប​ជុំ​គ្នា នៅ​ទីធ្លា ក្បែរ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ នៅ​ក្នុង​រដូវ​ផ្កា​រីក និង​រដូវ​ស្លឹក​ឈើជ្រុះ​។ ប៉ុន្តែ ថ្ងៃ​នេះ​ ខ្ញុំ​ឃើញ​តែ​មួយ​ក្បាល​ទេ។ វា​បាន​បត់​ក​ទៅ​ក្រោយ ដោយ​បង្កប់​ក្បាល​វា​នៅ​ពីក្រោម​ស្លាប។ ខ្ញុំ​ក៏បាន​គិត​ក្នុង​ចិត្ត​ថា តើ​មិត្ត​ភក្តិ​របស់​ឯង​ទៅ​ណា​អស់​ហើយ?  សត្វ​ដ៏​កំសត់​នេះ នៅ​តែ​ម្នាក់​ឯង។ មើល​ទៅ​វា ដូច​ឯកោ​ណាស់។ ខ្ញុំ​ចង់​តែ​ឱប​វា​ទេ។(កំណត់សំគាល់: សូម​កុំ​សាក​ល្បង​ឱប​វា​អី ប្រយ័ត្ន​គ្រោះ​ថ្នាក់)

ខ្ញុំ​កម្រ​បាន​ឃើញ​សត្វ​ក្ងាន ដែល​មាន​ភាព​ឯកោ​យ៉ាង​នេះ​ណាស់។ គេ​បាន​កត់​សំគាល់​ឃើញ​ថា តាម​ធម្មតា សត្វ​ក្ងាន​ព្រៃ​ទៅ​ណា​មក​ណា​ជា​ក្រុម ដោយ​ពួក​វា​ហើរ​នៅ​លើ​មេឃ​ទំាង​ហ្វូងៗ ដែល​មើល​ពី​ចម្ងាយ​មាន​រាង​ដូច​អក្សរ​V។ ពួក​វា​បាន​កើត​មក​សម្រាប់​នៅ​ជា​ក្រុម។​

ក្នុង​នាម​យើង​ជា​មនុស្ស យើង​ក៏​បាន​កើត​មក សម្រាប់​រស់​នៅ​ជា​សហគមន៍​ផង​ដែរ​(មើល លោកុប្បត្តិ ២:១៨)។ ហើយ​ក្នុង​បទ​គម្ពីរ​សាស្តា ៤:១០ ស្តេច​សាឡូម៉ូន​បាន​ពិពណ៌នា​ថា យើង​ងាយ​នឹង​មាន​គ្រោះ​ថ្នាក់​ប៉ុណ្ណា ពេល​ដែល​យើង​នៅ​តែ​ឯង។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “វរហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”។ ទ្រង់​ក៏​បាន​មាន​បន្ទូល​បន្ថែម​ទៀត​ថា “ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ”(ខ.១២)។

នេះ​ជា​ការ​ពិត​មែន ទាំង​នៅ​ក្នុង​ជីវិត​ខាង​សាច់​ឈាម ក៏​ដូច​ជា​ខាង​វិញ្ញាណ។ ព្រះ​ជា​ម្ចាស់​មិន​ដែល​សព្វ​ព្រះ​ទ័យឲ្យ​យើង “ហោះ​ហើរ” តែ​ម្នាក់​ឯង ក្នុង​ភាព​ឯកោ ដែល​ងាយ​នឹង​មាន​គ្រោះ​ថ្នាក់​នោះ​ឡើយ។ យើង​ចាំ​បាច់​ត្រូវ​មាន​ការប្រកប​គ្នា ដើម្បី​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត ភាព​ស្រស់​ថ្លា និង​ការ​លូត​លាស់​(មើល ១កូរិនថូស ១២:២១)។

កាល​ណា​យើង​នៅ​ជុំ​គ្នា យើង​អាច​ឈរ​យ៉ាង​មាំ​មួន ពេល​ដែល​ខ្យល់​ព្យុះ​នៃ​ជីវិត​បក់​បោក​មក​រក​យើង។—Adam Holz