មានពេលមួយ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេយកបាល់មួយមកចោល នៅកន្លែងចតឡាន? ប៉ុន្តែ ពេលដែលខ្ញុំចូលទៅជិតវា ខ្ញុំក៏បានដឹងថា វត្ថុមូលៗពណ៌ប្រផេះនោះ មិនមែនជាបាល់ទេ។ តាមពិត វាជាសត្វក្ងានព្រៃ កាណាដា កំសត់បំផុត ដែលខ្ញុំធ្លាប់ឃើញ។
ជាញឹកញាប់ សត្វក្ងានព្រៃច្រើនតែមកជួបជុំគ្នា នៅទីធ្លា ក្បែរកន្លែងធ្វើការរបស់ខ្ញុំ នៅក្នុងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំឃើញតែមួយក្បាលទេ។ វាបានបត់កទៅក្រោយ ដោយបង្កប់ក្បាលវានៅពីក្រោមស្លាប។ ខ្ញុំក៏បានគិតក្នុងចិត្តថា តើមិត្តភក្តិរបស់ឯងទៅណាអស់ហើយ? សត្វដ៏កំសត់នេះ នៅតែម្នាក់ឯង។ មើលទៅវា ដូចឯកោណាស់។ ខ្ញុំចង់តែឱបវាទេ។(កំណត់សំគាល់: សូមកុំសាកល្បងឱបវាអី ប្រយ័ត្នគ្រោះថ្នាក់)
ខ្ញុំកម្របានឃើញសត្វក្ងាន ដែលមានភាពឯកោយ៉ាងនេះណាស់។ គេបានកត់សំគាល់ឃើញថា តាមធម្មតា សត្វក្ងានព្រៃទៅណាមកណាជាក្រុម ដោយពួកវាហើរនៅលើមេឃទំាងហ្វូងៗ ដែលមើលពីចម្ងាយមានរាងដូចអក្សរV។ ពួកវាបានកើតមកសម្រាប់នៅជាក្រុម។
ក្នុងនាមយើងជាមនុស្ស យើងក៏បានកើតមក សម្រាប់រស់នៅជាសហគមន៍ផងដែរ(មើល លោកុប្បត្តិ ២:១៨)។ ហើយក្នុងបទគម្ពីរសាស្តា ៤:១០ ស្តេចសាឡូម៉ូនបានពិពណ៌នាថា យើងងាយនឹងមានគ្រោះថ្នាក់ប៉ុណ្ណា ពេលដែលយើងនៅតែឯង។ គឺដូចដែលទ្រង់មានបន្ទូលថា “វរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ”។ ទ្រង់ក៏បានមានបន្ទូលបន្ថែមទៀតថា “ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ”(ខ.១២)។
នេះជាការពិតមែន ទាំងនៅក្នុងជីវិតខាងសាច់ឈាម ក៏ដូចជាខាងវិញ្ញាណ។ ព្រះជាម្ចាស់មិនដែលសព្វព្រះទ័យឲ្យយើង “ហោះហើរ” តែម្នាក់ឯង ក្នុងភាពឯកោ ដែលងាយនឹងមានគ្រោះថ្នាក់នោះឡើយ។ យើងចាំបាច់ត្រូវមានការប្រកបគ្នា ដើម្បីទទួលបាននូវការលើកទឹកចិត្ត ភាពស្រស់ថ្លា និងការលូតលាស់(មើល ១កូរិនថូស ១២:២១)។
កាលណាយើងនៅជុំគ្នា យើងអាចឈរយ៉ាងមាំមួន ពេលដែលខ្យល់ព្យុះនៃជីវិតបក់បោកមករកយើង។—Adam Holz