មានពេលមួយ ខ្ញុំមានការតប់ប្រម៉ល់យ៉ាងខ្លាំង ហើយក៏បានក្រោកពីគេងទាំងយប់ ដើរចុះឡើងៗ ហើយក៏បានអធិស្ឋាន។ និយាយដោយស្មោះត្រង់ ឥរិយាបថនៃការអធិស្ឋានរបស់ខ្ញុំ នៅពេលនោះ គឺមិនមានការចុះចូលចំពោះព្រះទេ តែខ្ញុំបែរជាទូលសួរព្រះអង្គ នូវសំណួរជាច្រើន ហើយខ្ញុំក៏មានកំហឹងផងដែរ។ ខ្ញុំមិនបានធូរស្បើយក្នុងអារម្មណ៍សោះ។ ដូចនេះ ខ្ញុំក៏បានអង្គុយចុះ ហើយសម្លឹងមើលទៅផ្ទៃមេឃពេលយប់ តាមមាត់បង្អួចធំមួយ។ ពេលនោះ ស្រាប់តែមានអ្វីមួយនាំចិត្តខ្ញុំឲ្យផ្តោតទៅលើបណ្តុំផ្កាយអូរ៉ាយអិន ដែលមានផ្កាយបីដួងធំៗ ដែលត្រូវបានរៀបចំមកឲ្យនៅជាជួរយ៉ាងល្អឥតខ្ចោះ ដែលយើងច្រើនតែអាចមើលឃើញពួកវា នៅពេលយប់ ដែលមានផ្ទៃមេឃស្រឡះ។ ខ្ញុំបានស្វែងយល់អំពីតារាសាស្រ្តខ្លះ គឺល្មមនឹងអាចដឹងថា ផ្កាយទាំងបីដួងនោះមានគំលាតពីគ្នា ចម្ងាយរាប់រយឆ្នាំពន្លឺ(១ឆ្នាំពន្លឺ គឺស្មើនឹង៩.៤៦ ទ្រីលាន គីឡូម៉ែត្រ)។
ខ្ញុំក៏បានដឹងផងដែរថា កាលណាខ្ញុំកាន់តែចូលទៅជិតផ្កាយទាំងនោះ នោះខ្ញុំនឹងសង្កតឃើញថា ពួកវាក៏ហាក់ដូចជាកាន់តែនៅខុសជួរ។ តែតាមការគិតរបស់ខ្ញុំពីចម្ងាយ ខ្ញុំសង្កេតឃើញថា ពួកវាហាក់ដូចជាត្រូវបានព្រះទ្រង់ដាក់ឲ្យចំទីតាំង នៅក្នុងលំហរអវកាស់ យ៉ាងប្រុងប្រយ័ត្ន។ នៅពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំបានគិតអំពីខ្លួនឯងខ្លាំងពេក បានជាមិនអាចមានទស្សនៈ ដែលស្របនឹងព្រះជាម្ចាស់។ បើយើងស្វែងយល់ឲ្យទូលំទូលាយជាងនេះ យើងនឹងបានដឹងថា ព្រះអង្គបានរៀបចំអ្វីៗទាំងអស់ ឲ្យមានរបៀបរៀបរយ យ៉ាងឥតខ្ចោះ។
សាវ័កប៉ុលបានបន្លឺសម្លេងច្រៀងទំនុកសរសើរ បន្ទាប់ពីគាត់បានបញ្ចប់ការនិយាយសង្ខេប អំពីបំណងព្រះទ័យព្រះ (រ៉ូម ១១:៣៣-៣៦)។ ពាក្យពេចន៍របស់គាត់ក្នុងបទគម្ពីរនេះ បាននាំយើងឲ្យគយគន់ព្រះនៃយើង ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយផ្លូវរបស់ព្រះអង្គ ក៏លើសពីសមត្ថភាព ដែលយើងអាចយល់ ឬតាមដាន(ខ.៣៣)។ ប៉ុន្តែ ព្រះមួយអង្គ ដែលបានឲ្យអ្វីៗទាំងអស់ផ្សំគ្នា ក្នុងទីអវកាស និងនៅលើផែនដី យ៉ាងមានរបៀបរៀបរយ ក៏បានរៀបចំផ្នែកដ៏តូចល្អិត ក្នុងជីវិតរបស់យើង ដោយសេចក្តីស្រឡាញ់ ដ៏ជិតស្និទ្ធផងដែរ(ម៉ាថាយ ៦:២៥-៣៤ និង កូល៉ូស ១:១៦)។
ផែនការរបស់ព្រះអង្គកំពុងតែបានសម្រេច ដើម្បីជាប្រយោជន៍យើង និងដើម្បីសិរីល្អរបស់ព្រះអង្គ សូម្បីតែនៅពេលដែលអ្វីៗហាក់ដូចជាធ្វើឲ្យយើងភាន់ភាំងក៏ដោយ។—evan morgan