មាន​ពេល​មួយ ខ្ញុំ​មាន​ការ​តប់​ប្រម៉ល់​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ក្រោក​ពី​គេង​ទាំង​យប់ ដើរ​ចុះ​ឡើង​ៗ ហើយ​ក៏​បាន​អធិស្ឋាន​។ និយាយ​ដោយ​ស្មោះ​ត្រង់ ឥរិយាបថ​នៃ​ការ​អធិស្ឋាន​របស់​ខ្ញុំ នៅ​ពេល​នោះ គឺ​មិន​មាន​ការ​ចុះ​ចូល​ចំពោះ​ព្រះ​ទេ តែ​ខ្ញុំ​បែរ​ជា​ទូល​សួរ​ព្រះ​អង្គ នូវ​សំណួរ​ជា​ច្រើន ហើយ​ខ្ញុំ​ក៏​មាន​កំហឹង​ផង​ដែរ។ ខ្ញុំ​មិន​បាន​ធូរ​ស្បើយ​ក្នុង​អារម្មណ៍​សោះ។ ដូច​នេះ ខ្ញុំ​ក៏​បាន​អង្គុយ​ចុះ ហើយ​សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ​ពេល​យប់ តាម​មាត់​បង្អួច​ធំ​មួយ។ ពេល​នោះ ស្រាប់​តែ​មាន​អ្វី​មួយ​នាំ​ចិត្ត​ខ្ញុំ​ឲ្យ​ផ្តោត​ទៅ​លើ​បណ្តុំ​ផ្កាយ​អូរ៉ាយអិន ដែល​មាន​ផ្កាយ​បី​ដួង​ធំ​ៗ ដែល​ត្រូវ​បានរៀប​ចំ​មក​ឲ្យ​នៅ​ជា​ជួរ​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​យើង​ច្រើន​តែ​អាច​មើល​ឃើញ​ពួក​វា នៅ​ពេល​យប់ ដែល​មាន​ផ្ទៃ​មេឃ​ស្រឡះ​។ ខ្ញុំ​បាន​ស្វែង​យល់​អំពី​តារា​សាស្រ្ត​ខ្លះ គឺ​ល្មម​នឹង​អាច​ដឹង​ថា ផ្កាយ​ទាំង​បី​ដួង​នោះ​មាន​គំលាត​ពី​គ្នា ចម្ងាយរាប់​រយ​ឆ្នាំ​ពន្លឺ(១ឆ្នាំពន្លឺ គឺស្មើនឹង៩.៤៦ ទ្រីលាន គីឡូម៉ែត្រ)។

ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា កាល​ណា​ខ្ញុំ​កាន់​តែ​ចូល​ទៅ​ជិត​ផ្កាយ​ទាំង​នោះ នោះ​ខ្ញុំ​នឹង​សង្កត​ឃើញ​ថា ពួក​វា​ក៏​ហាក់​ដូច​ជាកាន់​តែ​នៅ​ខុស​ជួរ។ តែ​តាម​ការ​គិត​របស់​ខ្ញុំ​ពី​ចម្ងាយ ខ្ញុំ​សង្កេត​ឃើញ​ថា ពួក​វា​ហាក់​ដូច​ជា​ត្រូវ​បាន​ព្រះ​ទ្រង់​ដាក់​ឲ្យ​ចំទី​តាំង នៅ​ក្នុង​លំហរ​អវកាស់ យ៉ាង​ប្រុង​ប្រយ័ត្ន។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​បាន​គិត​អំពី​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​មិន​អាច​មាន​ទស្សនៈ ដែល​ស្រប​នឹង​ព្រះ​ជា​ម្ចាស់។ បើ​យើង​ស្វែង​យល់​ឲ្យ​ទូលំ​ទូលាយ​ជាង​នេះ យើង​នឹង​បាន​ដឹង​ថា ព្រះ​អង្គ​បាន​រៀប​ចំ​អ្វី​ៗ​ទាំង​អស់ ឲ្យ​មាន​របៀប​រៀប​រយ យ៉ាង​ឥត​ខ្ចោះ។

សាវ័ក​ប៉ុល​បាន​បន្លឺ​សម្លេង​ច្រៀង​ទំនុក​សរសើរ បន្ទាប់​ពី​គាត់​បាន​បញ្ចប់​ការ​និយាយ​សង្ខេប អំពី​បំណង​ព្រះ​ទ័យ​ព្រះ​ (រ៉ូម ១១:៣៣-៣៦)​។ ពាក្យ​ពេចន៍​របស់​គាត់​ក្នុង​បទ​គម្ពីរ​នេះ បាន​នាំ​យើង​ឲ្យ​គយ​គន់​ព្រះ​នៃ​យើង ដែល​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​ផ្លូវ​របស់​ព្រះ​អង្គ ក៏​លើស​ពី​សមត្ថ​ភាព ដែល​យើង​អាច​យល់ ឬ​តាម​ដាន​(ខ.៣៣)។ ប៉ុន្តែ​ ព្រះ​មួយ​អង្គ ដែល​បាន​ឲ្យ​អ្វី​ៗ​ទាំង​អស់​ផ្សំ​គ្នា ក្នុង​ទី​អវកាស និង​នៅ​លើ​ផែនដី យ៉ាង​មាន​របៀប​រៀប​រយ ក៏​បាន​រៀប​ចំ​ផ្នែក​ដ៏​តូច​ល្អិត ក្នុង​ជីវិត​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ដ៏​ជិត​ស្និទ្ធ​ផង​ដែរ​(ម៉ាថាយ ៦:២៥-៣៤ និង កូល៉ូស ១:១៦)។

ផែន​ការ​របស់​ព្រះ​អង្គ​កំពុង​តែ​បាន​សម្រេច ដើម្បី​ជា​ប្រយោជន៍​យើង និង​ដើម្បី​សិរីល្អ​របស់​ព្រះ​អង្គ សូម្បី​តែ​នៅ​ពេលដែល​អ្វី​ៗ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​យើង​ភាន់​ភាំង​ក៏​ដោយ​។—evan morgan