មាន​ពេល​មួយ ថម(Tom) បាន​ដេញ​តាម​យុវជន​ពីរ​នាក់ ដែល​កំពុង​តែ​លួច​កង់​របស់​មិត្ត​ភក្តិ​គាត់ ដែល​ជា​អ្នក​ក្រីក្រ​។ គាត់​មិន​មាន​ផែន​ការ​អ្វី​ទេ។ គាត់​គ្រាន់​តែ​ដឹង​ថា មិត្ត​ភក្តិ​គាត់​ត្រូវ​ការ​កង់​នោះ​មក​វិញ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើលណាស់ ពេល​ដែល​បាន​ឃើញ​ចោរ​ទាំង​បីរ​នោះ​មើល​មក​គាត់ ហើយ​ក៏​បាន​ផ្តួល​កង់​នោះ រួច​ដើរ​ចេញ​ទៅ​បាត់។ ពេល​នោះ ថម​មាន​អារម្មណ៍​ធូរ​ស្បើយ និង​ស្ងើច​ចំពោះ​ខ្លួន​ឯង ខណៈ​ពេល​ដែល​គាត់​លើក​កង់​នោះ​បញ្ឈរ ហើយ​ក៏​បាន​ត្រឡប់​មក​វិញ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​គាត់​បាន​ឃើញ​ចេហ្វ(Jeff) ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់ ដែល​មាន​សាច់​ដុំ​ធំកង់​ៗ កំពុង​តែ​តាម​ពី​ក្រោយ​គាត់​យ៉ាង​ប្រកិត។ តាម​ពិត គេ​ខ្លាច​មិត្ត​ភក្តិ​របស់​គាត់​ ដែល​កំពុង​តែ​ឈរ​ពីក្រោយ​ខ្នង​គាត់​សោះ។​​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​អ្នក​បម្រើ​របស់​លោក​អេលីសេ នៅ​ពេល​ដែល​ទីក្រុង​របស់​គាត់​កំពុង​តែ​ស្ថិត​ក្នុង​ការ​លោម​ព័ទ្ធ​របស់​កង​ទ័ព​សត្រូវ។ គាត់​ក៏​បាន​រត់​ទៅ​ជម្រាប​លោក​អេលីសេ​ថា “វរហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច?” លោកអេលីសេក៏បានលើកទឹកចិត្តគាត់ថា “កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត”។ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ(២ពង្សាវតាក្សត្រ​ ៦:១៥,១៧)។

បើ​អ្នក​ខិត​ខំ​ដើរ​តាម​ព្រះយេស៊ូវ អ្នក​អាច​ជួប​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់ នៅ​ពេល​ខ្លះ។ អ្នក​ប្រហែល​ជា​ប្រឈម​មុខ​នឹងការ​បាត់​បង់​កេរ្តិ៍​ឈ្មោះ ហើយ​ក៏​ប្រហែល​ជា​បាត់​បង់​សន្តិ​សុខ​ផ្ទាល់​ខ្លួន​ផង​ដែរ ដោយ​សារ​អ្នក​បាន​ប្តេជ្ញា​ចិត្ត​ថា នឹងធ្វើ​តែ​អ្វី​ដែល​ត្រឹម​ត្រូវ។ អ្នក​ប្រហែល​ជា​គេង​មិន​គ្រប់ ដោយ​ឆ្ងល់​ថា​ តើ​បញ្ហា​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? សូម​ចាំថា មិន​មែន​មាន​តែ​អ្នក​ទេ ដែល​ជួប​បញ្ហា​នេះ។ អ្នក​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្លាំង​ជាង ឬ​ឆ្លាត​ជាង​បញ្ហា​ប្រឈម ដែល​នៅ​ពី​មុខ​អ្នក​ឡើយ។ ព្រះ​យេស៊ូវ​គង់​នៅ​ជា​មួយ​អ្នក​ស្រាប់​ហើយ ហើយ​អំណាច​ចេស្តា​ព្រះ​អង្គ​ក៏​ខ្លាំង​ជាង​បញ្ហា​របស់​អ្នក។ អ្នក​អាច​សួរ​ខ្លួន​ឯង តាម​លំនាំ​របស់​សាវ័ក​ប៉ូល​ថា “បើ​ព្រះ​កាន់​ខាង​យើង តើ​នរណា​អាច​ទាស់​នឹង​យើង​បាន?” (រ៉ូម ៨:៣១)។ តើ​ពិត​មែន​ឬ? គឺ​គ្មាន​នរណា​អាច​ទាស់​នឹង​យើង​បាន​ទេ។ ចូរ​រត់​សំដៅ​ទៅ​រក​បញ្ហា​ប្រឈម​របស់​អ្នក ជា​មួយ​នឹង​ព្រះ​អង្គ​ចុះ។—Mike Wittmer