មានពេលមួយ ថម(Tom) បានដេញតាមយុវជនពីរនាក់ ដែលកំពុងតែលួចកង់របស់មិត្តភក្តិគាត់ ដែលជាអ្នកក្រីក្រ។ គាត់មិនមានផែនការអ្វីទេ។ គាត់គ្រាន់តែដឹងថា មិត្តភក្តិគាត់ត្រូវការកង់នោះមកវិញ។ គាត់មានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញចោរទាំងបីរនោះមើលមកគាត់ ហើយក៏បានផ្តួលកង់នោះ រួចដើរចេញទៅបាត់។ ពេលនោះ ថមមានអារម្មណ៍ធូរស្បើយ និងស្ងើចចំពោះខ្លួនឯង ខណៈពេលដែលគាត់លើកកង់នោះបញ្ឈរ ហើយក៏បានត្រឡប់មកវិញ។ គឺនៅពេលនោះហើយ ដែលគាត់បានឃើញចេហ្វ(Jeff) ដែលជាមិត្តភក្តិរបស់គាត់ ដែលមានសាច់ដុំធំកង់ៗ កំពុងតែតាមពីក្រោយគាត់យ៉ាងប្រកិត។ តាមពិត គេខ្លាចមិត្តភក្តិរបស់គាត់ ដែលកំពុងតែឈរពីក្រោយខ្នងគាត់សោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីអ្នកបម្រើរបស់លោកអេលីសេ នៅពេលដែលទីក្រុងរបស់គាត់កំពុងតែស្ថិតក្នុងការលោមព័ទ្ធរបស់កងទ័ពសត្រូវ។ គាត់ក៏បានរត់ទៅជម្រាបលោកអេលីសេថា “វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច?” លោកអេលីសេក៏បានលើកទឹកចិត្តគាត់ថា “កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត”។ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ(២ពង្សាវតាក្សត្រ ៦:១៥,១៧)។
បើអ្នកខិតខំដើរតាមព្រះយេស៊ូវ អ្នកអាចជួបស្ថានភាពដ៏គ្រោះថ្នាក់ នៅពេលខ្លះ។ អ្នកប្រហែលជាប្រឈមមុខនឹងការបាត់បង់កេរ្តិ៍ឈ្មោះ ហើយក៏ប្រហែលជាបាត់បង់សន្តិសុខផ្ទាល់ខ្លួនផងដែរ ដោយសារអ្នកបានប្តេជ្ញាចិត្តថា នឹងធ្វើតែអ្វីដែលត្រឹមត្រូវ។ អ្នកប្រហែលជាគេងមិនគ្រប់ ដោយឆ្ងល់ថា តើបញ្ហារបស់អ្នកនឹងទៅជាយ៉ាងណា? សូមចាំថា មិនមែនមានតែអ្នកទេ ដែលជួបបញ្ហានេះ។ អ្នកមិនចាំបាច់ត្រូវធ្វើឲ្យខ្លួនឯងខ្លាំងជាង ឬឆ្លាតជាងបញ្ហាប្រឈម ដែលនៅពីមុខអ្នកឡើយ។ ព្រះយេស៊ូវគង់នៅជាមួយអ្នកស្រាប់ហើយ ហើយអំណាចចេស្តាព្រះអង្គក៏ខ្លាំងជាងបញ្ហារបស់អ្នក។ អ្នកអាចសួរខ្លួនឯង តាមលំនាំរបស់សាវ័កប៉ូលថា “បើព្រះកាន់ខាងយើង តើនរណាអាចទាស់នឹងយើងបាន?” (រ៉ូម ៨:៣១)។ តើពិតមែនឬ? គឺគ្មាននរណាអាចទាស់នឹងយើងបានទេ។ ចូររត់សំដៅទៅរកបញ្ហាប្រឈមរបស់អ្នក ជាមួយនឹងព្រះអង្គចុះ។—Mike Wittmer