លោក​ឌែនឌី(Dandy) ចូល​ចិត្ត​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដោយ​ច្រៀង​ចម្រៀង​ឲ្យ​ពួក​គេ​ស្តាប់។ ថ្ងៃ​មួយ ពេល​យើង​កំពុង​ញាំ​អាហារ​ថ្ងៃ​ត្រង់ នៅ​ភោជនី​ដ្ឋាន​ដែល​គាត់​ចូល​ចិត្ត គាត់​ក៏​បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​រត់​តុ កំពុង​តែ​មានការ​ហត់​នឿយ​យ៉ាង​ខ្លាំង។ គាត​ក៏​បាន​សួរ​នាង​ពីរ​បី​សំណួរ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ចាប់​ផ្តើម​ច្រៀង​ចម្រៀង​មួយ​បទ យ៉ាង​ពិរោះ ដើម្បី​លើក​ទឹក​ចិត្ត​នាង។ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​កត់​មុខ​ម្ហូប​ដែល​យើង​បាន​កម្មុង នាង​ក៏​បាន​និយាយ ដោយ​ទឹក​មុខ​ញញឹម​ស្រ​ស់ថា “លោក​ចិត្ត​ល្អ​មែន ថ្ងៃ​នេះ លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​អរ​គុណ​លោក​ខ្លាំង​ណាស់”​។

ពេល​យើង​បើក​កណ្ឌ​គម្ពីរ​សេផានា យើង​រក​ឃើញ​ថា ព្រះ​ជា​ម្ចាស់​ចូល​ចិត្ត​ច្រៀង។ លោក​ហោរា​បាន​ប្រើ​ពាក្យ​ពេចន៍​របស់​គាត់ យ៉ាង​ប៉ិន​ប្រសប់ ដើម្បី​ពិពណ៌នា​ថា ព្រះ​ជា​ម្ចាស់​ជា​តន្រ្តី​ករ​ដែល​ចូល​ចិត្ត​ច្រៀង​ឲ្យ​កូន​ៗ​របស់​ព្រះ​អង្គ​ស្តាប់ ក៏​ដូច​ជា​ច្រៀង​ជា​មួយ​ពួក​គេ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(៣:១៧)។ ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​រៀង​រហូត ជា​មួយ​អ្នក​ដែល​បាន​ផ្លាស់​ប្រែ ដោយសារ​សេចក្តី​មេត្តា​របស់ព្រះ​អង្គ។ ប៉ុន្តែ ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​ក៏​បាន​អញ្ជើញ​រាស្រ្ត​ព្រះ​អង្គ​ឲ្យ “​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​”ជា​មួយ​ព្រះ​អង្គ​(ខ.១៤)។

យើង​អាច​ស្រមៃ​ថា ថ្ងៃ​ណា​មួយ​យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ និង​អស់​អ្នក​ដែល​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជាព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ។​ ពេល​នោះ យើង​នឹង​បាន​ឮ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ច្រៀង​ឲ្យ​យើង​ស្តាប់ ក៏​ដូច​ជា​ច្រៀង​ជា​មួយ​យើង ហើយ​បាន​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ ការ​សព្វ​ព្រះទ័យ និង​ការ​ទទួល​ស្គាល់​ពី​ព្រះ​អង្គ។​—Estera Pirosca Escobar