លោកឌែនឌី(Dandy) ចូលចិត្តលើកទឹកចិត្តអ្នកដទៃ ដោយច្រៀងចម្រៀងឲ្យពួកគេស្តាប់។ ថ្ងៃមួយ ពេលយើងកំពុងញាំអាហារថ្ងៃត្រង់ នៅភោជនីដ្ឋានដែលគាត់ចូលចិត្ត គាត់ក៏បានកត់សម្គាល់ឃើញថា អ្នករត់តុ កំពុងតែមានការហត់នឿយយ៉ាងខ្លាំង។ គាតក៏បានសួរនាងពីរបីសំណួរ ហើយបន្ទាប់មក គាត់ក៏បានចាប់ផ្តើមច្រៀងចម្រៀងមួយបទ យ៉ាងពិរោះ ដើម្បីលើកទឹកចិត្តនាង។ ខណៈពេលដែលនាងកំពុងតែកត់មុខម្ហូបដែលយើងបានកម្មុង នាងក៏បាននិយាយ ដោយទឹកមុខញញឹមស្រស់ថា “លោកចិត្តល្អមែន ថ្ងៃនេះ លោកបានធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំអរគុណលោកខ្លាំងណាស់”។
ពេលយើងបើកកណ្ឌគម្ពីរសេផានា យើងរកឃើញថា ព្រះជាម្ចាស់ចូលចិត្តច្រៀង។ លោកហោរាបានប្រើពាក្យពេចន៍របស់គាត់ យ៉ាងប៉ិនប្រសប់ ដើម្បីពិពណ៌នាថា ព្រះជាម្ចាស់ជាតន្រ្តីករដែលចូលចិត្តច្រៀងឲ្យកូនៗរបស់ព្រះអង្គស្តាប់ ក៏ដូចជាច្រៀងជាមួយពួកគេ។ គឺដូចដែលគាត់បានសរសេរថា “ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង”(៣:១៧)។ ព្រះជាម្ចាស់បានសន្យាថា នឹងគង់នៅជារៀងរហូត ជាមួយអ្នកដែលបានផ្លាស់ប្រែ ដោយសារសេចក្តីមេត្តារបស់ព្រះអង្គ។ ប៉ុន្តែ ជាងនេះទៅទៀត ព្រះអង្គក៏បានអញ្ជើញរាស្រ្តព្រះអង្គឲ្យ “អរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្ត”ជាមួយព្រះអង្គ(ខ.១៤)។
យើងអាចស្រមៃថា ថ្ងៃណាមួយយើងនឹងបានទៅនៅជាមួយព្រះអង្គ និងអស់អ្នកដែលបានទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ។ ពេលនោះ យើងនឹងបានឮព្រះវរបិតាដែលគង់នៅស្ថានសួគ៌ច្រៀងឲ្យយើងស្តាប់ ក៏ដូចជាច្រៀងជាមួយយើង ហើយបានពិសោធន៍នឹងសេចក្តីស្រឡាញ់ ការសព្វព្រះទ័យ និងការទទួលស្គាល់ពីព្រះអង្គ។—Estera Pirosca Escobar