ខ្សែភាពយន្តដែលមានចំណងជើងថា រដ្ឋចូនជារដ្ឋសេរី និយាយអំពីរឿងរបស់មនុស្សមួយចំនួន នៅសម័យសង្រ្គាមស៊ីវិលអាមេរិក។ អ្នកទាំងនោះមានដូចជា លោកញូតុន ណៃ(Newton Knight) និងពួកទាហានរត់ចោលជួរមួយចំនួនរបស់រដ្ឋសហព័ន្ធ និងពួកទាសករ ដែលបានចូលដៃជាមួយកងទ័ពរបស់រដ្ឋសហភាព ហើយបន្ទាប់មក ពួកគេក៏បានប្រឆាំងពួកម្ចាស់ទាសករ បន្ទាប់ពីសង្រ្គាមចប់។ មនុស្សជាច្រើនបានលើកដំកើងលោកណៃ ជាវីរបុរស ប៉ុន្តែ តាមពិត មុនពេលគាត់ក្លាយជាអ្នកក្លាហាន មានទាសករពីរនាក់បានជួយសង្រ្គោះជីវិតគាត់ បន្ទាប់ពីគាត់បានរត់ចោលជួរទ័ព។ ពួកគេបានសែងគាត់ ចូលក្នុងតំបន់ព្រៃលិចទឹក ដែលនៅដាច់ពីគេ ហើយក៏បានជួយព្យាបាលរបួសជើង ដែលគាត់ទទួលរង ក្នុងពេលរត់ចោលជួរទ័ពរបស់រដ្ឋសហព័ន្ធ។ បើសិនជាពួកគេទុកគាត់ចោល គាត់មុខជាស្លាប់មិនខាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីប្រជាជាតិយូដា ដែលធ្លាក់ចូលក្នុងស្ថានភាពដូចមនុស្សត្រូវរបួស និងអស់សង្ឃឹម ក្នុងការប្រឈមមុខដាក់ខ្មាំងសត្រូវ។ នគរអ៊ីស្រាអែលត្រូវចក្រភពអាស៊ើរវាយយក ហើយលោកអេសាយក៏បានថ្លែងទំនាយថា ថ្ងៃណាមួយពួកយូដា ក៏នឹងត្រូវពួកបាប៊ីឡូនចូលកាន់កាប់ផងដែរ។ ដូចនេះ ពួកគេត្រូវការជំនួយមកពីព្រះ ដែលនឹងជួយសង្រ្គោះ ដោយមិនបោះបង់ពួកគេចោលឡើយ។ សូមយើងស្រមៃថា តើពួកគេមានសង្ឃឹមប៉ុណ្ណា ពេលដែលបានឮព្រះអម្ចាស់មានបន្ទូលធានាថា “កុំឲ្យខ្លាចឡើយ ដ្បិតអញនៅជាមួយ”(អេសាយ ៤៣:៥)។ ទោះពួកគេជួបគ្រោះភ័យ ឬបញ្ហាអ្វីក៏ដោយ ព្រះអង្គនៅតែគង់នៅជាមួយជានិច្ច។ ព្រះអង្គនឹងឆ្លងទឹកធំជាមួយពួកគេ ដោយនាំពួកគេទៅដល់ត្រើយសុវត្ថិភាព(ខ.២)។ ព្រះអង្គក៏នឹង “លុយកាត់ភ្លើង” ជាមួយពួកគេ ដោយមិនឲ្យពួកគេរលាកឡើយ(ខ.២)។
ក្នុងព្រះគម្ពីរទាំងមូល ព្រះជាម្ចាស់បានសន្យាថា នឹងគង់នៅជាមួយរាស្រ្តព្រះអង្គ ដើម្បីថែរក្សា និងដឹកនាំពួកគេ ដោយមិនបោះបង់ពួកគេចោលឡើយ ទោះស្លាប់ឬរស់ក្តី។ ទោះអ្នកស្ថិតក្នុងស្ថានភាពដែលពិបាកយ៉ាងណាក្តី ព្រះជាម្ចាស់គង់នៅជាមួយអ្នកជានិច្ច។ ព្រះអង្គនឹងនាំអ្នកឆ្លងទឹកធំ។—Winn Collier