ខ្សែ​ភាព​យន្ត​ដែល​មាន​ចំណង​ជើង​ថា រដ្ឋ​ចូន​ជា​រដ្ឋ​សេរី  និយាយ​អំពី​រឿង​របស់​មនុស្ស​មួយ​ចំនួន នៅ​សម័យសង្រ្គាម​ស៊ីវិល​អាមេរិក។ អ្នក​ទាំង​នោះ​មាន​ដូច​ជា លោក​ញូតុន ណៃ(Newton Knight) និង​ពួក​ទាហាន​រត់ចោល​ជួរ​មួយ​ចំនួន​របស់​រដ្ឋ​សហព័ន្ធ និង​ពួក​ទាសករ ដែល​បាន​ចូល​ដៃ​ជា​មួយ​កង​ទ័ព​របស់​រដ្ឋ​សហភាព ហើយ​បន្ទាប់​មក ពួក​គេ​ក៏​បាន​ប្រឆាំង​ពួក​ម្ចាស់​ទាសករ បន្ទាប់​ពី​សង្រ្គាម​ចប់។ មនុស្ស​ជា​ច្រើន​បាន​លើក​ដំកើង​លោក​ណៃ ជា​វីរ​បុរស ប៉ុន្តែ តាម​ពិត មុន​ពេល​គាត់​ក្លាយ​ជា​អ្នក​ក្លាហាន មាន​ទាសករ​ពីរ​នាក់​បាន​ជួយ​សង្រ្គោះ​ជីវិត​គាត់ បន្ទាប់​ពី​គាត់​បាន​រត់​ចោល​ជួរ​ទ័ព។ ពួក​គេ​បាន​សែង​គាត់ ចូល​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ដែល​នៅ​ដាច់​ពី​គេ ហើយ​ក៏​បាន​ជួយ​ព្យាបាល​របួស​ជើង ដែល​គាត់​ទទួល​រង ក្នុង​ពេល​រត់​ចោល​ជួរ​ទ័ព​របស់​រដ្ឋ​សហព័ន្ធ។ បើ​សិន​ជា​ពួក​គេ​ទុក​គាត់​ចោល គាត់​មុខ​ជា​ស្លាប់​មិន​ខាន។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ប្រជា​ជាតិ​យូដា ដែល​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​ដូច​មនុស្ស​ត្រូវ​របួស និង​អស់​សង្ឃឹម ក្នុង​ការ​ប្រឈម​មុខ​ដាក់​ខ្មាំង​សត្រូវ។ នគរ​អ៊ីស្រាអែល​ត្រូវ​ចក្រ​ភព​អាស៊ើរ​វាយ​យក ហើយ​លោក​អេសាយ​ក៏​បាន​ថ្លែង​ទំនាយ​ថា ថ្ងៃ​ណា​មួយ​ពួក​យូដា ក៏​នឹង​ត្រូវ​ពួក​បាប៊ីឡូន​ចូល​កាន់​កាប់​ផង​ដែរ។ ដូច​នេះ ពួក​គេ​ត្រូវ​ការ​ជំនួយ​មក​ពី​ព្រះ ដែល​នឹង​ជួយ​សង្រ្គោះ ដោយ​មិន​បោះ​បង់​ពួក​គេ​ចោល​ឡើយ។ សូម​យើង​ស្រមៃ​ថា តើ​ពួក​គេ​មាន​សង្ឃឹម​ប៉ុណ្ណា ពេល​ដែល​បាន​ឮ​ព្រះ​អម្ចាស់​មាន​បន្ទូល​ធានា​ថា “កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ”(អេសាយ ៤៣:៥)។ ទោះ​ពួក​គេ​ជួប​គ្រោះ​ភ័យ ឬ​បញ្ហា​អ្វី​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច។ ព្រះ​អង្គ​នឹង​ឆ្លង​ទឹក​ធំ​ជា​មួយ​ពួកគេ ដោយ​នាំ​ពួក​គេ​ទៅ​ដល់​ត្រើយ​សុវត្ថិ​ភាព​(ខ.២)។ ព្រះ​អង្គ​ក៏​នឹង “លុយ​កាត់​ភ្លើង” ជា​មួយ​ពួក​គេ ដោយ​មិន​ឲ្យ​ពួកគេ​រលាក​ឡើយ(ខ.២)។

ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​រាស្រ្ត​ព្រះ​អង្គ ដើម្បី​ថែរក្សា និង​ដឹក​នាំ​ពួក​គេ ដោយ​មិន​បោះ​បង់​ពួក​គេ​ចោល​ឡើយ ទោះ​ស្លាប់​ឬ​រស់​ក្តី។ ទោះ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​ពិបាក​យ៉ាង​ណា​ក្តី ព្រះ​ជា​ម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ជា​និច្ច។ ព្រះ​អង្គ​នឹង​នាំ​អ្នក​ឆ្លង​ទឹក​ធំ។​—Winn Collier