រៀងរាល់ថ្ងៃ នៅម៉ោង៣:១៦ រសៀល នាឡិការ នៅក្នុងទូរស័ព្ទរបស់ស៊ែលលី(Shelley) តែងតែរោទ៍ឡើង ហើយនាងក៏បានឈប់សម្រាកមួយភ្លែត ដើម្បីសរសើរដំកើងព្រះ។ នាងបានអរព្រះគុណព្រះ និងទទួលស្គាល់សេចក្តីល្អរបស់ព្រះអង្គ។ ទោះនាងបានប្រកបជាមួយព្រះជាម្ចាស់ ពេញមួយថ្ងៃហើយក្តៅ នាងនៅតែចូលចិត្តការឈប់សម្រាកមួយភ្លែត ដើម្បីសរសើរដំកើងព្រះ ព្រោះការនេះបានជួយឲ្យនាងអរសប្បាយនឹងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។
វាជាការប្តេជ្ញាចិត្តរបស់នាង ដែលមានពេញដោយអំណរ ដែលបានបណ្តាលចិត្តខ្ញុំ ឲ្យសម្រេចចិត្តញែកពេលវេលាជារៀងរាល់ថ្ងៃ ដើម្បីអរព្រះគុណព្រះគ្រីស្ទ សម្រាប់ការលះបង់របស់ព្រះអង្គនៅលើឈើឆ្កាង និងអធិស្ឋានឲ្យអ្នកដែលមិនទាន់បានសង្រ្គោះ។ ខ្ញុំឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលគ្រីស្ទបរិស័ទទាំងអស់រំលែកពេលបន្តិច ដើម្បីសរសើរដំកើងព្រះអង្គ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យ និងអធិស្ឋានឲ្យអ្នកដទៃ ជារៀងរាល់ថ្ងៃ។
ពេលដែលខ្ញុំបានអានបទគម្ពីរទំនុកដំកើង ជំពូក ៦៧ ខ្ញុំក៏បានគិតដល់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃការថ្វាយបង្គំរបស់មនុស្សជាច្រើន ដែលលាតសន្ធឹងរហូតដល់ចុងបំផុតនៃផែនដី។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានទូលអង្វរសូមព្រះគុណរបស់ព្រះ ដោយប្រកាស់ថា គាត់ចង់លើកដំកើងព្រះនាមព្រះអង្គ ឲ្យបានខ្ពស់ឡើង ក្នុងគ្រប់ទាំងជាតិសាសន៍(ខ.១-២)។ គាត់បានបន្លឺសម្លេងច្រៀងថា “សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ ឲ្យជនទាំងអស់សរសើរដល់ទ្រង់”(ខ.៣)។ គាត់ក៏បានសរសើរដំកើងការគ្រប់គ្រង និងការដឹកនាំដ៏ស្មោះត្រង់របស់ព្រះអង្គ(ខ.៤)។ ក្នុងនាមគាត់ជាស្មរបន្ទាល់ដ៏រស់ នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យ និងព្រះពរដ៏បរិបូររបស់ព្រះ អ្នកនិពន្ធទំនុកដំកើងបានដឹកនាំរាស្រ្តព្រះអង្គចូលទៅក្នុងការសរសើរដំកើងដ៏មានអំណរ(ខ.៥-៦)។
សេចក្តីស្មោះត្រង់ដ៏ស្ថិតស្ថេររបស់ព្រះជាម្ចាស់ ចំពោះកូនស្ងួនភ្ងារបស់ព្រះអង្គ បានបណ្តាលចិត្តយើង ឲ្យទទួលស្គាល់ព្រះអង្គ។ ពេលយើងទទួលស្គាល់ព្រះអង្គ អ្នកដទៃក៏អាចចូលរួមជាមួយយើង នៅក្នុងការទុកចិត្ត កោតខ្លាច និងដើរតាមព្រះអង្គ ហើយប្រកាស់ថា ព្រះអង្គជាព្រះអម្ចាស់។—Xochitl Dixon