រៀង​រាល់​ថ្ងៃ នៅ​ម៉ោង​៣:១៦ រសៀល នាឡិការ នៅ​ក្នុង​ទូរស័ព្ទ​របស់​ស៊ែលលី(Shelley) តែង​តែ​រោទ៍​ឡើង ហើយ​នាង​ក៏​បាន​ឈប់​សម្រាក​មួយ​ភ្លែត ដើម្បី​សរសើរ​ដំកើង​ព្រះ។ នាង​បាន​អរ​ព្រះ​គុណ​ព្រះ និង​ទទួល​ស្គាល់​សេចក្តី​ល្អ​របស់​ព្រះ​អង្គ។ ទោះ​នាង​បាន​ប្រកប​ជា​មួយ​ព្រះ​ជាម្ចាស់ ពេញ​មួយ​ថ្ងៃ​ហើយ​ក្តៅ នាង​នៅ​តែ​ចូល​ចិត្ត​ការ​ឈប់​សម្រាក​មួយ​ភ្លែត ដើម្បី​សរសើរ​ដំកើង​ព្រះ ព្រោះ​ការ​នេះ​បាន​ជួយ​ឲ្យ​នាង​អរសប្បាយ​នឹង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ។​

វា​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​នាង ដែល​មាន​ពេញ​ដោយ​អំណរ ដែល​បាន​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​សម្រេច​ចិត្ត​ញែក​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​អរ​ព្រះ​គុណ​ព្រះ​គ្រីស្ទ សម្រាប់​ការ​លះ​បង់​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង និង​អធិស្ឋាន​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​សង្រ្គោះ។ ខ្ញុំ​ឆ្ងល់​ថា តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ទាំង​អស់​រំលែក​ពេល​បន្តិច ដើម្បី​សរសើរ​ដំកើង​ព្រះ​អង្គ តាម​របៀប​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ និង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​រៀង​រាល់​ថ្ងៃ​។

ពេល​ដែល​ខ្ញុំ​បាន​អាន​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៦៧ ខ្ញុំ​ក៏​បាន​គិត​ដល់​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត នៃ​ការ​ថ្វាយ​បង្គំ​របស់​មនុស្ស​ជា​ច្រើន ដែល​លាត​សន្ធឹង​រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ទូល​អង្វរ​សូមព្រះ​គុណ​របស់​ព្រះ ដោយ​ប្រកាស់​ថា គាត់​ចង់​លើក​ដំកើង​ព្រះ​នាម​ព្រះ​អង្គ ឲ្យ​បាន​ខ្ពស់​ឡើង ក្នុង​គ្រប់​ទាំង​ជាតិសាសន៍​(ខ.១-២)។ គាត់​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “សូម​ឲ្យ​ជន​ទាំងឡាយ​សរសើរ​ដល់​ទ្រង់ ឲ្យ​ជន​ទាំង​អស់​សរសើរ​ដល់​ទ្រង់”(ខ.៣)។ គាត់​ក៏​បាន​សរសើរ​ដំកើង​ការ​គ្រប់​គ្រង និង​ការ​ដឹក​នាំ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​(ខ.៤)។ ក្នុង​នាម​គាត់​ជា​ស្មរ​បន្ទាល់​ដ៏​រស់ នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ និង​ព្រះ​ពរ​ដ៏​បរិបូរ​របស់​ព្រះ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ដឹក​នាំ​រាស្រ្ត​ព្រះ​អង្គ​ចូល​ទៅ​ក្នុង​ការ​សរសើរ​ដំកើង​ដ៏​មាន​អំណរ​(ខ.៥-៦)។

សេចក្តី​ស្មោះ​ត្រង់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​ជា​ម្ចាស់ ចំពោះ​កូន​ស្ងួន​ភ្ងា​របស់​ព្រះ​អង្គ បាន​បណ្តាល​ចិត្ត​យើង ឲ្យ​ទទួល​ស្គាល់​ព្រះ​អង្គ។ ពេល​យើង​ទទួល​ស្គាល់​ព្រះ​អង្គ អ្នក​ដទៃ​ក៏​អាច​ចូល​រួម​ជា​មួយ​យើង នៅ​ក្នុង​ការ​ទុក​ចិត្ត កោត​ខ្លាច​ និង​ដើរ​តាម​ព្រះ​អង្គ ហើយ​ប្រកាស់​ថា ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់។​—Xochitl Dixon