រៀងរាល់ថ្ងៃ នៅការិយាល័យប្រៃសណីយ៍ ក្នុងទីក្រុងយេរូសាឡិម បុគ្គលិកប្រៃសណីយ៍បានរៀបចំសំបុត្រជាច្រើនគំនរដែលមិនទាន់បានផ្ញើ ក្នុងគោលបំណងដើម្បីនាំសំបុត្រទាំងនោះទៅរកអ្នកទទួលទំាងឡាយ។ មានសំបុត្រជាច្រើន ត្រូវបានគេយកទៅដាក់ ក្នុងប្រអប់ដែលមានផ្លាកពិសេសបិទពីលើថា “សំបុត្រផ្ញើរទៅព្រះ”។
ជារៀងរាល់ឆ្នាំ មានសំបុត្រប្រភេទនេះប្រហែល១ពាន់ច្បាប់ បានមកដល់ទីក្រុងយេរូសាឡិម ដែលផ្ញើទៅអាស័យដ្ឋានរបស់ព្រះជាម្ចាស់ ឬព្រះយេស៊ូវ។ ដោយមិនដឹងថា ត្រូវធ្វើដូចម្តេច ចំពោះសំបុត្រទាំងនោះ បុគ្គលិកប្រៃសណីយ៍ម្នាក់ ក៏បានចាប់ផ្តើមយកសំបុត្រទាំងនោះ ទៅកំផែងខាងលិចរបស់ទីក្រុងយេរូសាឡិម ដោយសៀតពួកវាចូលទៅក្នុងគម្លាតថ្មជ្រុងរបស់កំផែងនោះ ជាមួយនឹងក្រដាស់សំណូមពរអធិស្ឋានដទៃទៀត។ ភាគច្រើននៃសំបុត្រទាំងនោះ គឺជាការទូលសូមការងារ ប្តីឬប្រពន្ធ ឬសូមឲ្យមានសុខភាពល្អ។ សំបុត្រខ្លះ មានការទូលសូមការអត់ទោសបាប ឬគ្រាន់តែអរព្រះគុណព្រះ។ មានបុរសម្នាក់បានទូលសូមឲ្យគាត់អាចជួបភរិយាគាត់ នៅក្នុងសុបិន្ត ព្រោះគាត់នឹកនាងខ្លាំងណាស់។ អ្នកផ្ញើរម្នាក់ៗជឿថា ព្រះជាម្ចាស់នឹងស្តាប់ពាក្យអធិស្ឋានទាំងនោះ ឲ្យតែពាក្យអធិស្ឋានទាំងនោះបានឮដល់ព្រះកាណ៍ព្រះអង្គ។
ពួកអ៊ីស្រាអែលបានរៀនមេរៀនជាច្រើន ខណៈពេលដែលពួកគេធ្វើដំណើរ កាត់តាមវាលរហោស្ថាន។ ក្នុងចំណោមមេរៀនទាំងនោះ ពួកគេបានទទួលការបង្រៀនថា ព្រះរបស់ពួកគេ មិនដូចព្រះដទៃទៀត ដែលគេបានស្គាល់ នៅសម័យនោះ ដែលនៅឆ្ងាយ ថ្លង់ស្តាប់មិនឮ មានវត្តមានតែនៅកន្លែងខ្លះ ហើយត្រូវធ្វើដំណើរធម្មយាត្រាដ៏វែងឆ្ងាយ ដើម្បីទៅជួប។ តែព្រះរបស់ពួកអ៊ីស្រាអែល ទ្រង់តែងតែគង់នៅជិត ក្នុងកាលដែលពួកគេអំពាវនាវរកទ្រង់នោះ(ចោទិយកថា ៤:៧)។ សព្វថ្ងៃនេះ អ្នកដែលនៅក្រៅប្រទេសអ៊ីស្រាអែល ក៏អាចប្រកាស់ដូចនេះផងដែរ។ នេះជាដំណឹងដ៏អស្ចារ្យណាស់!
ព្រះជាម្ចាស់មិនគ្រាន់តែមានវត្តមាននៅទីក្រុងយេរូសាឡិមប៉ុណ្ណោះឡើយ។ ព្រះអង្គគង់នៅក្បែរយើងជានិច្ច ទោះយើងនៅទីណាក៏ដោយ។ អ្នកខ្លះចាំបាច់ត្រូវស្វែងរកសេចក្តីពិតដ៏សំខាន់នេះ។ ពួកគេមិនចាំបាច់ត្រូវផ្ញើរសំបុត្រទាំងនោះទៅអាស័យដ្ឋានរបស់ព្រះជាម្ចាស់នោះឡើយ ព្រោះពួកគេគ្រាន់តែចាំបាច់ត្រូវដឹងថា : ព្រះជាម្ចាស់គង់នៅក្បែរពួកគេស្រាប់ហើយ។ ចូរនិយាយទៅកាន់ព្រះអង្គចុះ។—Sheridan Voysey