លោករីឆាត មូវ(Richard Mouw) ជាទេវវិទូ ដែលបាននិពន្ធសៀវភៅមានចំណងជើងថា ជំនឿដែលគ្មានការសម្រាក ដែលក្នុងនោះ គាត់បាននិយាយ អំពីសារៈសំខាន់នៃការនឹកចាំ អំពីមេរៀន ពីអតីតកាល។ គាត់បានដកស្រង់សម្តីរបស់លោករ៉ូប៊ីត បេឡាហ៍(Robert Bellah) ដែលជាសង្គមវិទូ ដែលមានប្រសាសន៍ថា “ប្រជាជាតិដែលមានសុខភាពល្អ ត្រូវតែមានការនឹកចាំជាសហគមន៍”។ លោកបេឡាហ៍បានលើកឡើងថា គោលការណ៍នៃការនឹកចាំ ក៏មានភាពចាំបាច់សម្រាប់គ្រួសារ ដែលជាចំណងដ៏សំខាន់មួយទៀតក្នុងសង្គម ព្រោះការនឹកចាំជាផ្នែកមួយដ៏សំខាន់ ក្នុងការរស់នៅ ក្នុងសហគមន៍។
ព្រះគម្ពីរក៏បានបង្រៀនយើង អំពីតម្លៃនៃការនឹកចាំ អំពីសហគមន៍ផងដែរ។ ព្រះជាម្ចាស់បានប្រទាននូវពិធីបុណ្យរំលង ដល់ពួកអ៊ីស្រាអែល ដើម្បីឲ្យពួកគេនឹកចាំ អំពីការអ្វីដែលព្រះជាម្ចាស់បានធ្វើ ដើម្បីរំដោះពួកគេ ឲ្យរួចពីភាពជាទាសករ នៅទឹកដីអេស៊ីព្ទ(មើល និក្ខមនំ ១២:១-៣០)។ សព្វថ្ងៃនេះ ជនជាតិយូដានៅទូទាំងពិភពលោក នៅតែបន្តនឹកចាំ អំពីពិធីបុណ្យដ៏មានន័យនេះ រៀងរាល់រដូវផ្ការីក។
បុណ្យរំលងក៏មានអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះអ្នកដើរតាមព្រះគ្រីស្ទផងដែរ ព្រោះបុណ្យរំលងតែងតែចង្អុលបង្ហាញមនុស្ស ឲ្យងាកទៅរកព្រះរាជកិច្ចដែលព្រះមែស៊ីបានសម្រេចនៅលើឈើឆ្កាង។ នៅក្នុងពិធីបុណ្យរំលង មុនពេលព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតពិធីបុណ្យមួយ នៅតុអាហារ សម្រាប់ឲ្យគេនឹកចាំជារៀងរហូត។ បទគម្ពីរលូកា ២២:១៩ បានចែងថា “ទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយព្រះបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ”។
រៀងរាល់ពេលយើងប្រារព្ធពិធីលៀងព្រះអម្ចាស់ យើងត្រូវនឹកចាំ អំពីការសុគតរបស់ព្រះគ្រីស្ទ ដែលបានរំដោះយើង ឲ្យរួចពីភាពជាទាសករនៃអំពើបាប ហើយប្រទានជីវិតអស់កល្បមកយើងរាល់គ្នា។ សូមឲ្យសេចក្តីស្រឡាញ់ដ៏ជួយសង្រ្គោះរបស់ព្រះយេស៊ូវ បានរំឭកយើងថា ឈើឆ្កាងព្រះអង្គ មានភាពសក្តិសមនឹងឲ្យយើងនឹកចាំទាំងអស់គ្នា។—Bill Crowder